
មន្ត្រីរដ្ឋបាលខេត្ត បានឲ្យដឹងថា នគរបាលប៉ាគីស្ថានគ្រោងនឹងឆែកឆេរលំនៅឋានក្នុងទីក្រុង Lahore របស់អតីតនាយករដ្ឋមន្ត្រីលោក Imran Khan នាថ្ងៃសុក្រ (ទី១៩ ឧសភា) នេះ ជាប្រតិបត្តិការមួយ ដែលអាចនាំឲ្យកើតមានអំពើហិង្សាកាន់តែខ្លាំងឡើងៗ ខណៈដែលប្រទេសនេះ កំពុងព្យាយាមដោះស្រាយជាមួយនឹងអស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច។
លោក Amir Mir រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃខេត្ត Punjab បាននិយាយថា នគរបាលរាប់រយនាក់ ដែលដឹកនាំដោយស្នងការនគរបាលក្រុង នឹងធ្វើប្រតិបត្តិការស្វែងរក នៅល្ងាចថ្ងៃសុក្រ។
រដ្ឋមន្ត្រីរូបនេះ បានប្រាប់បណ្ដាញព័ត៌មាន Reuters ថា៖ «យើងមានព័ត៌មានថា មានភេរវករប្រហែល ៤០នាក់ លាក់ខ្លួននៅទីនោះ ដូច្នេះខ្ញុំគិតថា យើងនឹងត្រូវការកម្លាំងនគរបាលប្រហែល ៤០០នាក់ ដើម្បីឆែកឆេរផ្ទះនោះ»។
ការលើកឡើងនេះ សំដៅដល់អ្នកគាំទ្រលោក Khan ដែលរងការចោទប្រកាន់ពីបទវាយប្រហារ និងបំផ្លិចបំផ្លាញអគាររដ្ឋាភិបាល និងយោធា។ លំនៅឋានរបស់លោក Khan មានទីតាំងនៅសង្កាត់ Zaman Park នៃទីក្រុង Lahore រដ្ឋធានី Punjab។
កាលពីខែមីនា តំបន់នេះគឺជាទីតាំងនៃការប្រយុទ្ធគ្នា រវាងអ្នកគាំទ្រ និងកម្លាំងនគរបាល ដែលបានព្យាយាមចាប់ខ្លួនអតីតកីឡាករគ្រិកឃីតវ័យ៧០ឆ្នាំរូបនេះ ពីបទមិនបង្ហាញខ្លួន នៅក្នុងតុលាការ។ លោក Khan ត្រូវបានចាប់ខ្លួននៅថ្ងៃទី៩ ខែឧសភា លើបទចោទប្រកាន់ពុករលួយ ដែលលោកបានបដិសេធ ហើយក្រោយមកត្រូវបានដោះលែងឲ្យនៅក្រៅឃុំ តាមបញ្ជារបស់តុលាការ ដែលនឹងអស់ប្រសិទ្ធភាពនៅចុងខែនេះ៕