គិលានុបដ្ឋាកប្រទេសកូរ៉េខាងត្បូងរាប់ម៉ឺននាក់ បានធ្វើកូដកម្មនៅថ្ងៃសុក្រនេះបន្ទាប់ពីប្រធានាធិបតីលោក Yoon Suk Yeol បានប្រើសិទ្ធវ៉េតូលើច្បាប់មួយដើម្បីធ្វើឲ្យប្រសើរឡើងប្រាក់បៀរវត្សរ៍របស់ពួកគេ និងលក្ខខណ្ឌការងារ ក្នុងពេលមានការតវ៉ាពីក្រុមវេជ្ជបណ្ឌិត និងជំនួយការគិលានុបដ្ឋាក ដែលបាននិយាយថាសេចក្តីស្នើច្បាប់នឹងធ្វើឲ្យប៉ះពាល់ដល់ការងាររបស់ពួកគេ។
សភាដែលដឹកនាំដោយគណបក្សប្រឆាំងដែលបានអនុម័តសេចក្តីស្នើច្បាប់កាលពីខែមុន បានជំរុញឲ្យមានការតវ៉ាពីបុគ្គលិកពេទ្យមួយចំនួន ដែលបាននិយាយថាច្បាប់ថ្មីនឹងបើកទ្វារសម្រាប់គិលានុបដ្ឋាកដើម្បីផ្តល់ការព្យាបាលដោយគ្មានលិខិតអនុញ្ញាតផ្នែកវេជ្ជសាស្ត្រ។ គិលានុបដ្ឋាកនិយាយថា ការអះអាងរបស់ក្រុមវេជ្ជបណ្ឌិតគឺគ្មានមូលដ្ឋាន និងបាននិយាយថាប្រទេសនេះត្រូវការមជ្ឈមណ្ឌលថែទាំសុខភាពបន្ថែមទៀតដើម្បីដោះស្រាយចំនួនប្រជាជនមានវ័យចំណាស់យ៉ាងឆាប់រហ័ស។
ក្នុងការប្រើសិទ្ធវ៉េតូលើសេចក្តីស្នើច្បាប់ លោក Yoon និយាយថា ច្បាប់ថ្មីនឹងបណ្តាលឲ្យមានជម្លោះខ្លាំងក្នុងចំណោមបុគ្គលិកពេទ្យ និងបាននិយាយថាកាបណ្តុះបណ្តាលរបស់គិលានុបដ្ឋាកនៅខាងក្រៅវិទ្យាស្ថានវេជ្ជសាស្ត្រ នឹងបណ្តាលឲ្យមានការព្រួយបារម្ភខ្លាំងជាសាធារណៈជុំវិញប្រព័ន្ធថែទាំសុខភាព។ សមាគមគិលានុបដ្ឋាកកូរ៉េ ដែលបានដឹកនាំការធ្វើកូដកម្ម បានរិះគន់លោក Yoonយ៉ាងខ្លាំង ដោយនិយាយថា លោកបានបោះបង់ចោលការសន្យារបស់លោកខណៈជាបេក្ខជនប្រធានាធិបតីក្នុងការធ្វើឲ្យប្រសើរឡើងលក្ខខណ្ឌការងាររបស់គិលានុបដ្ឋាក។