
អាជ្ញាធរបាននិយាយ នៅថ្ងៃសុក្រ (ទី១៩ ឧសភា) នេះថា ចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូន Mocha បានកើនដល់ ១៤៥នាក់ នៅសហភាពមីយ៉ាន់ម៉ា ដោយភាគច្រើនជាជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បន្ទាប់ពីមាននូវព្យុះដ៏មានឥទ្ធិពលបំផុតបោកបក់មកលើតំបន់នេះលើកដំបូង ក្នុងរយៈពេលជាងមួយទសវត្សរ៍ កាលពីចុងសប្តាហ៍មុន។
ព្យុះស៊ីក្លូន Mocha បាននាំមកនូវទឹកភ្លៀង និងកម្លាំងខ្យល់បក់ក្នុងល្បឿន ១៩៥គីឡូម៉ែត្រ ក្នុងមួយម៉ោងឆ្ពោះទៅកាន់សហភាពមីយ៉ាន់ម៉ា និងប្រទេសបង់ក្លាដែស ដែលនៅជិតខាង កាលពីថ្ងៃអាទិត្យ ដោយបានធ្វើឲ្យអគារដួលរលំ និងប្រែក្លាយផ្លូវថ្នល់ឲ្យទៅជាទន្លេ។
សេចក្តីថ្លែងការណ៍មួយរបស់អាជ្ញាធររបបយោធាមីយ៉ាន់ម៉ា បានឲ្យដឹងថា៖ «ប្រជាជនក្នុងស្រុកសរុបចំនួន ១៤៥នាក់ បានស្លាប់ក្នុងអំឡុងព្យុះស៊ីក្លូននេះ»។
សេចក្ដីថ្លែងការណ៍បានបន្ថែមថា ចំនួននេះរួមមានទាហាន ៤នាក់ អ្នកស្រុក ២៤នាក់ ហើយនិង ១១៧នាក់ ជាជនជាតិភាគតិច «បេងហ្គាលី» ជាពាក្យដែលរបបយោធា សំដៅដល់ជនជាតិរ៉ូហ៊ីងយ៉ា។
នៅមុននេះ មេភូមិរ៉ូហ៊ីងយ៉ា បានប្រាប់បណ្ដាញសារព័ត៌មាន AFP ថា មនុស្សជាង ១០០នាក់ កំពុងបាត់ខ្លួនពីភូមិតែមួយ ក្រោយមានខ្យល់ព្យុះនេះ ហើយមេដឹកនាំម្នាក់ផ្សេងទៀត ដែលមានមូលដ្ឋានក្បែរទីក្រុង Sittwe របស់រដ្ឋ Rakhine បានប្រាប់សារព័ត៌មានដដែលថា យ៉ាងហោចណាស់ជនជាតិរ៉ូហ៊ីងយ៉ាចំនួន ១០៥នាក់ បានស្លាប់នៅជុំវិញទីក្រុង ដោយការរាប់ចំនួន កំពុងបន្តដំណើរការ៕