បាល់ទាត់៖ ក្រុមបាល់ទាត់ Hertha Berlin បានងើបចេញពីតំបន់ដែលត្រូវកាត់ចោលបណ្ដោះអាសន្នសិន ក្រោយជ័យជំនះ ៣-០ លើក្រុមភ្ញៀវ Freiburg យប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

គ្រាប់បាល់របស់ Krzysztof Piatek និង Peter Pekarik នៅវគ្គទី១ បូករួមទាំង ១គ្រាប់នៅវគ្គទី២ របស់ Nemanja Radonjic គ្រប់គ្រាន់ហើយសំរាប់ ៣ពិន្ទុដើម្បីឡើងមកឈរពីលើ Werder Bremen និង Armenia Bielefeld មាន ៣០ពិន្ទុដូចគ្នាដែលចំណេញគ្រាប់បាល់។ Hertha Berlin ក៏នៅសល់ ១ប្រកួតនៅក្នុងដៃដែរ តែពួកនឹងគេនឹងត្រូវប្រឈមនឹងកាលវិភាគប្រកួតដ៏មមាញឹក។
បន្ទាប់ពីវិលត្រលប់ពីការដាក់នៅដាច់ដោយឡែក ២សប្ដាហ៍ក្រោយការផ្ទុះឆ្លង Covid-19 ក្នុងក្លិប Hertha Berlin ត្រូវលេង ៦ប្រកួតក្នុងរយៈពេល ២០ថ្ងៃគិតពីជួប Mainz 05 កាលពីថ្ងៃចន្ទ។ ២ប្រកួតជាប់គ្នានេះ Hertha Berlin រកបាន ៤ពិន្ទុដ៏មានសារសំខាន់ ខណៈនៅសល់ ៤ប្រកួតទៀតចប់រដូវកាល ស្របពេលក្រុមគូប្រជែងនៅតំបន់គ្រោះថ្នាក់នៅសល់តែ ៣ប្រកួត៕
អត្ថបទ៖នាង សុភាវុធ