
វិទ្យុសាធារណៈជាតិ (NPR) បានរាយការណ៍ថា សេតវិមានបានបញ្ជាក់កាលពីថ្ងៃសុក្រថា កិច្ចពិភាក្សាកំណត់កម្រិតបំណុល រវាងរដ្ឋបាលគណបក្សប្រជាធិបតេយ្យរបស់ប្រធានាធិបតី លោក Joe Biden និងសមជិកគណបក្សាសាធារណៈរដ្ឋនៅសភា បានជាប់គាំង ខណៈកាលបរិច្ឆេទកំណត់ដើម្បីបញ្ចៀសការខកខានសងបំណុលដែលអាចបង្កមហន្តរាយធំជិតចូលមកដល់។
រដ្ឋបាលលោក Biden កំពុងប្រជែងដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយគណបក្សសាធារណៈរដ្ឋដឹកនាំដោយប្រធានសភាលោក Kevin McCarthy ខណៈប្រទេសនេះបង្ហាញពីការខកខានសងបំណុលប្រសិនបើរដ្ឋាភិបាលមិនទទួលបានកិច្ចព្រមព្រៀងដើម្បីបង្កើនការកំណត់ការខ្ចីប្រាក់ពីចំនួនបច្ចុប្បន្នរបស់ខ្លួន ៣១,៤សែនកោដិដុល្លារដើម្បីទូទាត់លើការចំណាយនានារបស់ប្រទេស។ មន្ត្រីសេតវិមាន បានប្រាប់អ្នកសារព័ត៌មានថា កិច្ចព្រមព្រៀងអាចនឹងសម្រចបាន ប៉ុន្តែការចរចា ត្រូវតែបានធ្វើឡើងប្រកបដោយការជឿទុកចិត្ត។
មន្ត្រីនិយាយថា មានការខ្វែងគំនិតគ្នាពិតប្រាកដរវាងភាគីទាំងអស់លើបញ្ហាថវិកា ហើយកិច្ចពិភាក្សានឹងជួបការលំបាក ហើយក្រុមរបស់ប្រធានាធិបតីកំពុងធ្វើការយ៉ាងខ្លាំងឆ្ពោះទៅរកដំណោះស្រាយទ្វេភាគីដ៏សមហេតុផល ដែលអាចឆ្លងកាត់សភា និងព្រឹទ្ធសភា។
នៅថ្ងៃតែមួយនេះដែរ អ្នកតំណាងគណបក្សាសាធារណៈរដ្ឋ លោក Garret Graves ជាអ្នកដឹកនាំការចរចារបស់លោក McCarthy បានប្រាប់អ្នកសារព័ត៌មានថា កិច្ចពិភាក្សាជាមួយសេតវិមានពុំមានលទ្ធផលផ្លែផ្កាឡើយ ហើយការចរចាកំពុងផ្អាក ខណៈរដ្ឋបាលលោក Biden កំពុងធ្វើសំណើដែលពុំសមហេតុផល។ កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen បាននិយាយថា ប្រទេសនេះ អាចខកខានកាតព្វកិច្ចសងបំណុលរបស់ខ្លួន នៅថ្ងៃទី១ ខែ មិថុនា ខាងមុខនេះ។
យោងតាមលោកស្រី Yellen បានឲ្យដឹងថា ប្រសិនបើសភាមិនបានបង្កើនការកំណត់បំណត់ វានឹងបង្កឲ្យមានការលំបាកធ្ងន់ធ្ងរដល់គ្រួសារអាមេរិក បង្កផលប៉ះពាល់ដល់ជំហរដឹកនាំពិភពលោករបស់សហរដ្ឋអាមេរិក និងបង្កើនសំនួរអំពីសមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុងការការពារផលប្រយោជន៍សន្តិសុខជាតិរបស់ខ្លួន។
