
ព្រៃវែង៖ លោក នោ ហ្យន់ជូន (Rho Hyunjun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA)ប្រចាំប្រទេសកម្ពុជា និងលោក ប៉ាវ សុធីរ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង នារសៀលថ្ងៃទី១៩ ខែឧសភា បានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារទារកដ្ឋាន នៅសាលាមតេ្តយ្យធនធានព្រៃវែង។
កយកា-KOICA បានបញ្ជូនអ្នកស្ម័គ្រចិត្តជនជាតិកូរ៉េ មកប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៣។ កយកា-KOICAបានបញ្ជូនអ្នកស្ម័គ្រចិត្តមកកម្ពុជាឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩។ ជាលទ្ធផលអ្នកស្ម័គ្រចិត្ត កញ្ញា Kang Haesun ដែលមានជំនាញគិលានុបដ្ឋាយិកា ត្រូវបានបញ្ជូនទៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង។ បេសកកម្មមួយឆ្នាំ នៃការងារស្ម័គ្រចិត្តនេះ កញ្ញា បានរៀបចំគម្រោងលើកកម្ពស់សិទ្ធសុខភាពរបស់កុមារ ក្រោមអាយុ០៣ឆ្នាំ នៅខេត្តព្រៃវែង ក្រោមកិច្ចសហការជាមួយមន្ទីរអប់រំ។ គម្រោងនេះមានគោលបំណងលើកកម្ពស់សិទ្ធសុខភាពកុមារ ក្រោមអាយុ០៣ឆ្នាំ ដោយការបង្កើតនូវបរិស្ថានស្អាតជាមួយ និងការប្រើប្រាស់ទឹកស្អាត អនាម័យ សុខភាព និងឱកាសអប់រំបឋម តាមរយៈការផ្ដល់នូវហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈសម្រាប់មណ្ឌលថែទាំកុមារ។
គម្រោងនេះ ត្រូវបានគាំទ្រដោយ កយកា ប្រចាំនៅប្រទេសកម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណជា ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងមានការចូលរួមបដិភាគប្រមាណជា១ពាន់ដុល្លារសហរដ្ឋអាមេរិក ពីមន្ទីរអប់រំ ខេត្តព្រៃវែង។ គម្រោងនេះរួមមានការសាងសង់អគារជាមួយ នឹងការបំពាក់សម្ភារៈ បរិក្ខារ ក៏ដូចជាការបណ្ដុះបណ្ដាលគ្រូ ទៅលើសុវត្ថិភាព និងអនាម័យជាដើម។ បន្ថែមលើនេះ កយកា ក៏បានឧបត្ថម្ភសៀវភៅ ៥០ក្បាល និងសម្ភារៈក្មេងលេង ចំនួន ២៣ប្រភេទផ្សេងទៀត ទៅកាន់មជ្ឈមណ្ឌល ដើម្បីបំពេញបន្ថែមនូវតម្រូវការ និងដើម្បីធានាសុខភាព និងការអប់រំរបស់កុមារនៅក្នុងខេត្តព្រៃវែង។
មជ្ឈមណ្ឌលថែទាំកុមារនេះ អាចផ្ដល់សេវាសម្រាប់កុមារ យ៉ាងតិច៦០នាក់ និងអាចច្រើនជាងនេះនៅពេលអនាគត។ ការិយាល័យ កយកា-KOICA និងអ្នកស្ម័គ្រចិត្ត ជឿជាក់យ៉ាងមុតមាំថា គម្រោងនេះ និងអាចធានាបាននូវសុខភាព និងសុខមាលភាពរបស់កុមារ នៅក្នុងសហគមន៍នេះ។ គម្រោងនេះត្រូវបានរៀបចំឡើង ដើម្បីផ្ដល់នូវការអប់រំប្រកបដោយសមភាព និងសមធម៌ និងលើកកម្ពស់ឱកាសអប់រំពេញមួយជីវិតប្រកបដោយបរិយាប័ន្ន។ បន្ថែមលើនេះទៅទៀតស្ថាប័នដៃគូអាចបង្កើតនូវប្រព័ន្ធគ្រប់គ្រងប្រកបដោយចីរភាព សម្រាប់មជ្ឈមណ្ឌលដែលអនុញ្ញាតអោយកុមារមានលទ្ធភាពប្រើប្រាស់ទឹកស្អាត និងអនាម័យបន្ទាប់ពីការប្រគល់ជូននេះ។
លោក Rho Hyun-Jun បានកោតសរសើរ កញ្ញា Kang Haesun សម្រាប់ការលះបង់ និងការខិតខំប្រឹងប្រែងសម្រាប់គម្រោងមួយនេះដែលជាផ្នែកមួយនៃបេសកកម្មរបស់កញ្ញានៅក្នុងប្រទេសកម្ពុជា និងសូមថ្លែងអំណរគុណលោកប្រធានមន្ទីរអប់រំ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានជួយគាំទ្រ និងធ្វើអោយកម្មវិធីនេះកើតមានឡើងទៅបាន។ ការិយាល័យ កយកា នៅកម្ពុជា គឺជាទីភ្នាក់ងារអនុវត្តន៍កម្មវិធីអ្នកស្ម័គ្រចិត្តមួយរបស់ WFK ដែលជាកម្មវិធីបញ្ជូនអ្នកស្ម័គ្រចិត្តជនជាតិកូរ៉េ ទៅទូទាំងពិភពលោក៕ អត្ថបទ រដ្ឋា








