មន្ត្រីរដ្ឋបាលជាន់ខ្ពស់ បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រាប់មេដឹកនាំប្រទេសG7 កាលពីថ្ងៃសុក្រថា ទីក្រុងវ៉ាស៊ីនតោន គាំទ្រកិច្ចប្រឹងប្រែងរួមជាមួយសម្ព័ន្ធមិត្តដើម្បី បណ្តុះបណ្តាលអាកាសយានិកអ៊ុយក្រែនលើយន្តហោះចម្បាំងF-16 ដែលជាការគាំទ្រដ៏សំខាន់ខណៈទីក្រុងគីវ ស្វែងរកការជំរុញអំណាចដែនអាកាសរបស់ខ្លួនប្រឆាំងកងកម្លាំងឈ្លានពានរបស់រុស្ស៊ី។
មន្ត្រីនិយាយថា ការបណ្តុះបណ្តាលលើយន្តហោះប្រយុទ្ធផលិតនៅអាមេរិកនឹងធ្វើឡើងនៅអឺរ៉ុប ហើយត្រូវការពេលជាច្រើនខែទើបបញ្ចប់។
មន្ត្រីអាមេរិក បានសន្និដ្ឋានថា ពេលវេលាដ៏ឆាប់រហ័សបំផុតនឹងត្រូវការសម្រាប់ការបណ្តុះបណ្តាល និងដឹកជញ្ជូនយន្តហោះ F-16 នៅក្នុងរយៈពេល១៨ខែ។
មន្ត្រីនិយាយថា ខណៈការបណ្តុះបណ្តាលធ្វើឡើងក្នុងរយៈពេលច្រើនខែខាងមុខ ប្រទេសចម្រុះរបស់យើង នឹងចូលរួមក្នុងកិច្ចប្រឹងប្រែងនេះ ដែលនឹងសម្រេចនៅពេលផ្តល់យន្តហោះពិតប្រាកដ ថាតើយន្តហោះប៉ុន្មានគ្រឿងដែលយើងនឹងផ្តល់ឲ្យ ហើយតើនណានឹងផ្តល់ឲ្យពួកគេ។
មន្ត្រីពុំបាននិយាយថាតើប្រទេសណាមួយនឹងចូលរួមក្នុងកិច្ចប្រឹងប្រែងនេះនោះទេ។ សហរដ្ឋអាមេរិក សង្ឃឹមថា នឹងចាប់ផ្តើមបណ្តុះបណ្តាល ដែលនឹងត្រូវបានអនុវត្តលើយន្តហោះជំនាន់ទី៤ រួមមានយន្តហោះ F-16 ក្នុងរយៈពេលច្រើនសប្តាហ៍ខាងមុខនេះ៕
