ប្រទេសអ៊ីរ៉ង់ត្រូវបានថ្កោលទោសដោយអង្គការឃ្លាំមើលអន្តរជាតិ បន្ទាប់ពីប្រទេសនេះ បានកាត់ទោសប្រហារជីវិតមនុស្ស៣នាក់បន្ថែមទៀតជុំវិញការតវ៉ាកាលពីពេលថ្មីៗនេះ ដែលបានធ្វើឲ្យរង្គោះរង្គើប្រទេស។
សារព័ត៌មានតុលាការ Mizan News បាននិយាយកាលពីថ្ងៃសុក្រថា លោក Majid Kazemi, Saleh Mirhashemi និងលោក Saeed Yaqoubi ត្រូវបានប្រហារជីវិត នៅក្នុងទីក្រុង Isfahan ។
មនុស្សទាំងបីនាក់នេះ ត្រូវបានចោទប្រកាន់ពីការប្រព្រឹត្តិការវាយប្រហារ បណ្តាលឲ្យមន្ត្រីសន្តិសុខ៣នាក់ស្លាប់ ក្នុងក្រុង Isfahan កាលពីខែវិច្ឆិការ ឆ្នាំ២០២២ អំឡុងការតវ៉ាប្រឆាំងរដ្ឋាភិបាល។
ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឲ្យ ប្រទេសអ៊ីរ៉ង់បញ្ចៀសពីការអនុវត្តន៍ការប្រហារជីវិត ដោយអំពាវនាវឲ្យមានចំណាត់ការរឿងក្តីដោយពុំមែនជាទោសប្រហារជីវិត។
អង្គការលើកលែងទោសអន្តរជាតិ បាននិយាយថា បុរសទាំងបីនាក់ ត្រូវបានតាមដានយ៉ាងឆាប់រហ័ស តាមរយៈប្រព័ន្ធតុលាការរបស់ប្រទេសអ៊ីរ៉ង់ ដោយគ្មានការកំណត់ដំណើរការដែលត្រូវស៊ើបអង្កេត។
លោក Mahmood Amiry-Moghaddam នាយកអង្គការមិនមែនរដ្ឋាភិបាលទទួលបន្ទុកសិទ្ធិមនុស្សប្រទេសអ៊ីរ៉ង់ បានសរសេរលើបណ្តាញ Twitter ថា ការកាត់ទោសប្រហារជីវិតទាំងនេះ មានន័យថាអូសបន្លាយពេលការគ្រប់គ្រងរបស់សាធារណៈរដ្ឋអ៊ីស្លាមមួយនេះ ហើយមានតែការខាតបង់ផ្នែកនយោបាយធ្ងន់ធ្ងរប៉ុណ្ណោះ ទើបអាចបញ្ឈប់ការប្រហាជីវិតអ្នកតវ៉ាបន្ថែមទៀតបាន។
លោក និយាយថា លុះត្រាតែ អាជ្ញាធរអ៊ីរ៉ង់ ត្រូវបានដាក់បំពេញដោយផលវិបាកធ្ងន់ធ្ងរដោយសហគមន៍អន្តរជាតិ បើមិនដូច្នេះទេជីវិតអ្នកតវ៉ារាប់រយនាក់នឹងត្រូវបំផ្លាញដោយម៉ាស៊ីនពិឃាត៕
