
ភ្នំពេញ៖ ពលរដ្ឋ ជាអាជីវករលក់ដូរតាមផ្សាររដ្ឋជាច្រើន ដែលសុទ្ធសឹងជាអ្នកលក់ដូរដែលមានកម្រិតជីវភាពនៅខ្វះខាត បានបង្ហាញអារម្មណ៍សប្បាយចិត្តរីករាយ ក្រោយមានការគិតគូរពីសំណាក់រាជរដ្ឋាភិបាល តាមរយៈក្រុមការងារសាលារាជធានីភ្នំពេញ និងបន្តទៅកាន់គណះកម្មការផ្សាររដ្ឋនីមួយៗ នៅរាជធានីភ្នំពេញ ដែលបានផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនទៅពួកគាត់ទាំងអស់គ្នា សម្រាប់ការប្រើប្រាស់លើការទៅពិនិត្យព្យាបាលជម្ងឺ និងថែទាំសុខភាព នៅតាមមន្ទីរពេទ្យបង្អែក ឬមន្ទីរពេទ្យរដ្ឋទាំងអស់ ដោយពុំគិតប្រាក់នោះឡើយ។
ក្រុមអាជីវករ លក់ដូរក្នុងផ្សារចំនួន០២ ក្នុងចំណោមផ្សារទាំង២៥ ក្នុងរាជធានីភ្នំពេញ គឺផ្សារអូរឬស្សី និងផ្សារដើមគរ បានបង្ហាញអារម្មណ៍ទឹកចិត្តយល់ឃើញថា ការដែលរាជរដ្ឋាភិបាល បានគិតគូរយកចិត្តទុកដាក់ ក្នុងការផ្តល់ជូនពួកគាត់ទាំងអស់គ្នានូវប័ណ្ឌមូលនិធិសមធម៌សុខាភិបាលនៅពេលនេះ គឺបានចូលរួមសម្រួលដល់ការកាត់បន្ថយការចំណាយប្រាក់កាសរបស់ពលរដ្ឋទាំងអស់គ្នា ក្នុងការពិនិត្យ ថែទាំ និងព្យាបាលជំងឺជាដើម។
អាជីវករ បន្តថា ពួកគាត់ពិតជាមានក្តីរំភើបរីករាយសប្បាយចិត្តជាខ្លាំងចំពោះការដែលពួកគាត់អាចមានឱកាសទទួលបានប័ណ្ឌនេះយកមកប្រើប្រាស់លើវិស័យសុខាភិបាល ព្រោះពួកគាត់ជាអ្នកលក់ដូរតាមកញ្ច្រែងល្អី ដែលមានកម្រិតជីវភាពនៅខ្វះមុខក្រោយប៉ុណ្ណោះ មិនមានប្រាក់កាសច្រើនគ្រប់គ្រាន់សម្រាប់ពិនិត្យព្យាបាលជម្ងឺឈឺស្កាត់ម្តងៗនោះទេ អញ្ចឹងហើយនៅពេលពួកគាត់ទទួលបានប័ណ្ឌនេះ គឺវាពិជាការប្រសើរបំផុតសម្រាប់ពួកគាត់គ្រប់ៗគ្នា។
ជុំវិញការផ្តល់ជូន ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនក្រុមអាជីករមានជីវភាពខ្វះខាតខាងលើនេះដែរ លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការផ្សារអូរឫស្សី តាមរយៈ BTV បានប្រាប់អោយដឹងថា ៖ ការផ្តល់ជូននៅពេលនេះ គឺជាការគិតគូរយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល តាមរយះឯកឧត្តមអភិបាលរាជធានីភ្នំពេញ ហើយបន្តកិច្ចការងារនេះមកកាន់គណៈកម្មការផ្សារដើម្បីអនុវត្តសកម្មភាពផ្តល់ជូន ពលរដ្ឋជាអាជីករលក់ដូរមានជីវភាពខ្វះខាត ។
លោកប្រធានផ្សារបន្តថា ប័ណ្ណនេះ នឹងផ្តល់អត្ថប្រយោជន៍សំខាន់សម្រាប់ពលរដ្ឋ អាចប្រើប្រាស់វាដើម្បីទទួលបានការពិនិត្យព្យាបាលជម្ងឺ ដោយឥតគិតថ្លៃ នៅពេលដែលយើងជួបគ្រោះថ្នាក់ ឬឧប្បត្តិហេតុណាមួយដោយចៃដន្យ ឬក៏មានជំងឺឈឺស្កាត់ផ្សេងៗជាដើមនោះ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមការងារសាលារាជធានីភ្នំពេញ សហការជាមួយក្រុមការងារគណៈកម្មការផ្សាររដ្ឋចំនួន០៤ ក្នុងចំណោមផ្សារទាំង២៥ ដើម្បី ផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនក្រុមអាជីវករលក់ដូរមានជីវភាពខ្វះខាត។ ក្នុងនោះ រួមមាន ផ្សារអូរឬស្សី , ផ្សារដើមគរ , ផ្សារទួលទំពូង និងផ្សារច្បារអំពៅ ដែល សរុបជារួមទាំង០៤ផ្សារ គឺផ្តល់ប័ណ្ឌសមធម៌ ជាង១ពាន់ប័ណ្ណជូនដល់អាជីវករ។
សូមបញ្ជាក់បន្ថែមថា ដំណើរការ នៃការ ផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនក្រុមអាជីវករលក់ដូរមានជីវភាពខ្វះខាតខាងលើនេះ គឺនឹងធ្វើឡើងជាប្រចាំ រហូតផ្តល់ជូនដល់គ្រប់ផ្សាររដ្ឋទាំង២៥ នៅទូទាំងរាជធានីភ្នំពេញ៕ អត្ថបទ៖ លីហេង










