
កណ្ដាល៖ នៅមណ្ឌលសុខភាពពាមរាំង នាព្រឹកថ្ងៃសៅរ៍ ទី ២០ ខែឧសភា ឆ្នាំ ២០២៣ នេះ លោកជំទាវ ម៉ែន នារីសោភ័គ និងសហការី នៃក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំពាមរាំង រួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានអញ្ជើញជួបសំណេះសំណាល អប់រំផ្សព្វផ្សាយពីការថែទាំសុខភាព ពិគ្រោះយោបល់ ជំងឺទូទៅ ផ្តល់ថ្នាំព្យាបាល រួមទាំងពិនិត្យសុខភាពភ្នែក ផ្តល់វែនតាដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋប្រមាណ ៦៥០នាក់ រស់នៅឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។
ការចុះពិនិត្យសុខភាពទូទៅ និងពិនិត្យភ្នែក រួមទាំងការផ្តល់ថ្នាំជូនពលរដ្ឋនេះ ក៏មានការចូលរួមផ្តល់ការឧបត្ថម្ភពី លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី , ឯកឧត្តម ឃួន ផល្លារិទ្ធ និងក្រុមការងារ ភូមិព្រែកតាទួននិងភូមិថ្មី នៃឃុំពាមរាំង , ឯកឧត្តម គង់ សោភ័ណ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម កែវ រតនៈផងដែរ។
លោកយាយលោកតា និងបងប្អូនប្រជាពលរដ្ឋនៅឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល សប្បាយរីករាយ និងថ្លែងអំណរគុណចំពោះក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានឃុំពាមរាំង និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានរៀបចំជាលើកទី៣ មកពិនិត្យសុខភាព ពិគ្រោះយោបល់ ជំងឺទូទៅ ផ្តល់ថ្នាំព្យាបាល រួមទាំងពិនិត្យសុខភាពភ្នែក ផ្តល់វែនតាដោយឥតគិតថ្លៃ ជូនពួកគាត់នាពេលនេះ។
សូមបញ្ជាក់ផងដែរថា ថ្ងៃនេះគឺជាលើកទី៣ ហើយដែលក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពាមរាំង រួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានចុះអប់រំសុខភាព និងពិនិត្យសុខភាពជូនបងប្អូនប្រជាពលរដ្ឋនៅឃុំពាមរាំង ។ ក្រុមការងារនឹងបន្តចុះធ្វើសកម្មភាពនេះជាបន្តបន្ទាប់ ដែលអាជ្ញាមូលដ្ឋាននឹងជូនដំណឹងដល់ប្រជាពលរដ្ឋអំពីកាលបរិច្ឆេទដែលបានកំណត់។
នាព្រឹកថ្ងៃដដែលនេះ លោកជំទាវ ម៉ែន នារីសោភ័គ និងក្រុមការងារ ក៏បានអញ្ជើញជួបសំណេះសំណាល និងប្រគល់សម្ភារសិក្សាជូនសិស្សានុសិស្សចំនួន ២២១នាក់ នៅសាលាបឋមសិក្សាពាមរាំងលើផងដែរ៕


















