កិច្ចប្រជុំកំពូលក្រុមប្រទេសមានឧស្សាហកម្មលូតលាស់G7 នឹងបិទបញ្ចប់នៅថ្ងៃអាទិត្យនេះ ជាមួយនឹងការអំពាវនាវសុំជំនួយដោយផ្ទាល់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដែលបានជំរុញឲ្យក្រុមមេដឹកនាំជួបគ្នានៅទីនេះ ក្នុងប្រទេសជប៉ុន បន្តរួបរួមប្រឆាំងនឹងសកម្មភាពដ៏គគ្លើនរបស់រុស្ស៊ី ។
ការសម្រេចចិត្តរបស់លោក Zelensky ក្នុងការធ្វើដំណើរពាក់កណ្តាលផែនដី គឺដើម្បីធ្វើការអំពាវនាវដោយផ្ទាល់របស់លោកដល់ប្រទេសមហាអំណាចឧស្សាហកម្មធំៗរបស់ពិភពលោក ឲ្យបញ្ជាក់ពីការរួបរួម និងដើម្បីឲ្យក្រុមមេដឹកនាំដែលមានជំហរមិនច្បាស់លាស់ យល់ដោយខ្លួនឯងក្នុងរយៈពេល១៤ខែកន្លងមកនេះ ចាប់តាំងពីការវាយលុករបស់រុស្ស៊ីមកលើអ៊ុយក្រែនចាប់ផ្តើម។
ស្របពេលដែលលោក Zelensky ត្រូវបានពង្រឹងដោយអាវុធដ៏ទំនើបពុំធ្លាប់ដែលមានពីមុនមក ដែលរួមទាំងការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden អនុញ្ញាតឲ្យអាកាសយានិកអ៊ុយក្រែនទទួលបានការហ្វឹកហាត់រៀនបើកយន្តហោះចម្បាំង F16នោះ មានក្តីបារម្ភថា ការងារលំបាក និងសម្ពាធនយោបាយ អាចនឹងធ្វើឲ្យការគាំទ្ររបស់លោកខាងលិច កាន់តែរួញតូចទៅ ។
ដោយឡែក ភាពច្របូកច្របល់នៅទីក្រុងវ៉ាស៊ីងតោនកាលពីសប្តាហ៍មុន ដោយសារកិច្ចចរចាជាប់គាំងលើការបង្កើនកម្រិតកម្ចីសហព័ន្ធនោះ បានចោទជាសំណួរផងដែរនៅក្នុងចំណោមក្រុមមេដឹកនាំប្រទេស G7ថា តើការគាំទ្រនយោបាយដល់អ៊ុយក្រែន អាចទ្រទ្រង់បានយូរប៉ុន្មានទៀត?
អត្ថបទ៖ សារ៉ាត់

