រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov និយាយកាលពីថ្ងៃសៅរ៍ថា ការសម្រេចចិត្តរបស់ក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ G7 នៅកិច្ចប្រជុំកំពូលក្នុងប្រទេសជប៉ុន គឺមានគោលបំណងទប់ទល់ទ្វេដងជាមួយរុស្ស៊ី និងចិន ។
ថ្លែងនៅក្នុងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍ លោក Lavrov បានបញ្ជាក់ឡើងវិញពីអំណះអំណាងរបស់រុស្ស៊ីដែលថា លោកខាងលិច កំពុងប្រើប្រាស់អ៊ុយក្រែនជាឧបករណ៍ដើម្បីយកឈ្នះយុទ្ធសាស្រ្តលើរុស្ស៊ី។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេបដិសេធន៍រឿងដែលនិយាយថា ពួកគេជួយឲ្យទីក្រុងគីវការពារខ្លួនឯងប្រឆាំងនឹងសង្រ្គាមខុសច្បាប់។
លោកនិយាយថា គោលបំណងត្រូវបានបង្កើតឡើងដោយបើកចំហ និងខ្លាំងក្លា ដើម្បីយកឈ្នះរុស្ស៊ីនៅលើសមរភូមិប្រយុទ្ធ ហើយរឿងនេះ មិនឈប់ត្រឹមហ្នឹងទេ ប៉ុន្តែត្រូវជម្រុះពួកគេជាគូប្រជែងភូមិសាស្ត្រនយោបាយ ។
លោក Lavrov បន្តថា មើលការសម្រេចចិត្តដែលត្រូវបានពិភាក្សា និងអនុម័តនៅថ្ងៃនេះនៅទីក្រុង Hiroshima ក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេស G7 គឺមានគោលដៅទប់ទល់ទ្វេដងជាមួយរុស្ស៊ី និងចិន។
សូមបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍មុននេះ ក្រុមប្រទេស G7បានយល់ព្រមរឹតបន្តឹងទណ្ឌកម្មលើរុស្ស៊ី ។ ពួកគេបានជំរុញចិនផងដែរដាក់សម្ពាធលើរុស្ស៊ីឲ្យបញ្ឈប់ការវាយលុករបស់ពួកគេ និងដកកងទ័ពជាបន្ទាន់ចេញពីប្រទេសអ៊ុយក្រែន៕ អត្ថបទ៖ សារ៉ាត់
