នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បាននិយាយប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅថ្ងៃអាទិត្យនេះថា ក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ G7 និងប្រទេសកាណាដា នឹងបន្តឈរយ៉ាងមុតមាំនៅខាងគាំទ្រអ៊ុយក្រែន។
លោក Trudeau និងលោក Zelenskiy បានជួបគ្នានៅទីក្រុង Hiroshima ប្រទេសជប៉ុន ជាទីដែលការជួបជុំគ្នារបស់មេដឹកនាំក្រុមប្រទេស G7 បានផ្តោតសំខាន់លើការធ្វើឲ្យអន្តរាយដល់រុស្ស៊ី និងទប់ចិន ដោយពួកគេបង្ហាញកម្លាំងឈរនៅពីក្រោយមេដឹកនាំអ៊ុយក្រែនម្នាក់នេះ។
បណ្តាប្រទេសលោកខាងលិច ប្រើប្រាស់ព្រឹត្តការណ៍នេះ ដើម្បីប្រកាសទណ្ឌកម្មថ្មីលើទីក្រុងម៉ូស្គូ និងបានប្តេជ្ញាចិត្តផ្តល់អាវុធបន្ថែមទៀត ជំនួយយោធា និងថវិកាធ្វើសង្រ្គាមដល់ទីក្រុងគីវ។
ប៉ុន្តែពួកគេមានគោលដៅវាយប្រហារដោយពាក្យសម្តីធ្ងន់ៗបំផុតលើចិនផងដែរ ដែលជាសម្ព័ន្ធដ៏មានអំណាចបំផុតរបស់រុស្ស៊ីនៅអាស៊ី ដោយពួកគេធ្វើការព្រមានប្រធានាធិបតីចិនលោក Xi Jinping ថា រាល់កិច្ចខិតខំធ្វើបាបពួកគេ ឬផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ឬសមុទ្រវិវាទចិនខាងត្បូង នឹងទទួលបានលទ្ធផលតែមួយ ដូចដែលការព្យាយាមរបស់រុស្ស៊ី ក្នុងការគូព្រំដែនអ៊ុយក្រែនឡើងវិញ៕ អត្ថបទ៖ សារ៉ាត់

