នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីប្រារព្ធពិធីជាតិចងចាំ ២០ ឧសភា និងសំណេះសំណាលជាមួយប្រធាន អនុប្រធានក្រុមបក្ស និងសមាជិកបក្សឃុំកោះរកាចំនួន ១ ៥០០នាក់ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ពិធីដ៏សំខាន់មួយនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកកំពង់សៀម ឯកឧត្តមប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំ លោក លោកស្រី ជាអនុប្រធាន និងជាសមាជិកក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានភូមិ និងឃុំផងដែរ។
មានមតិសំណេះសំណាលទៅកាន់ប្រជាជន ឯកឧត្តមបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតគូរ និងបារម្ភអំពីជីវភាព និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។
ឯកឧត្តមក៏បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋនៅស្រុកកំពង់សៀម និងទូទាំងប្រទេសដែលកំពុងរស់នៅក្នុងស្ថានភាពសប្បាយរីករាយ មានភាពកក់ក្តៅ ជួបជុំបងប្អូនគ្រួសារក្រោមម្លប់ នៃសុខសន្តិភាព និងស្ថិរភាពសង្គម ដែលដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមបន្ថែមថា ថ្ងៃទី២០ ឧសភា នេះគឺជាថ្ងៃរម្លឹកទិវាជាតិនៃការចងចាំ និងការរម្លឹកដល់វិញ្ញាណក្ខន្ធដល់ប្រជាជនយើងជាង ៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥-៧ មករា ១៩៧៩)។ ដោយសារការហ៊ានលះបង់អាយុជីវិតពីសំណាក់សម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្ស ដើម្បីជាថ្នូរដោះដូរមកវិញនូវសុខសន្តិភាព សេរីភាព និងអាយុជីវិតរបស់ប្រជាជនយើង សម្តេចតេជោបានផ្តួលរំលំរបបដ៏ឃោរឃៅបំផុតនេះយ៉ាងជោគជ័យ។ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់សម្តេចតេជោ បានប្រែក្លាយប្រទេសយើងពីប្រទេសដែលមានភ្លើងសង្គ្រាម ការកាប់សម្លាប់ដោយមិនញញើតដៃ ការបំផ្លិចបំផ្លាញ ការជម្លៀសប្រជាជនចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុ គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានថ្នាំសង្កូវព្យាបាល ជារួមគ្មានសិទ្ធិរស់រានមានជីវិនោះ មកជាប្រទេសដែលមានសុខសន្តិភាព ស្ថិរភាពសេដ្ឋកិច្ច និងសង្គម សុវត្ថិភាពស្បៀងអាហារជូនប្រជាជនយើង ការអភិវឌ្ឍលើគ្រប់វិស័យ និងកសាងហេដ្ឋារចនាសម្ព័ន្ធឥតឈប់ឈរដូចជាផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន កំពង់ផែទឹកជ្រៅ ព្រែកជីកតភ្ជាប់ទន្លេមេគង្គ និងផ្លូវសមុទ្រ ព្រលានយន្តហោះអន្តរជាតិ អគ្គិសនី ទឹកស្អាត សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារជាដើម។ ឯកឧត្តមបន្តទៀតថា មិនត្រឹមតែមានការអភិវឌ្ឍក្នុងប្រទេសនោះទេ គឺសម្តេចបានធ្វើឱ្យកេរ្តិ៍ឈ្មោះកម្ពុជាមានភាពល្បីល្បាញ និងទទួលបានការកោតសរសើរទាំងក្នុងថ្នាក់តំបន់ និងលើពិភពលោក តាមរយៈភាពជាថ្នាក់ដឹកនាំក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងជាពិសេសព្រឹត្តិការណ៍ដ៏មហាអស្ចារ្យ និងជោគជ័យបំផុតដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ កន្លងទៅនេះ។
ការគាំទ្រដល់កិច្ចគាំពារសង្គម ក៏ជាការងារសំខាន់ដែលសម្តេចបានដឹកនាំយ៉ាងមុតស្រួចផងដែរ ដូចជាការជួយឧបត្ថម្ភគាំទ្រជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ការឧបត្ថម្ភគាំទ្រដល់ស្ត្រីមានផ្ទៃពោះ ការជួយដល់ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ពលករ យើងជាង ១,៥លាននាក់ ដើម្បីបង្កើនតម្លៃបន្ថែមក្នុងការងារក្នុងវិស័យឧស្សហកម្ម ដោយផ្តល់កន្លែងស្នាក់នៅ និងហូបចុកសមរម្យ។ លើសពីនេះ រាជរដ្ឋាភិបាលបានផ្តល់ការគាំទ្ររបបសន្តិសុខសង្គមជូនដល់បុគ្គលិក សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងផ្តល់ការការពារសិទ្ធិក្នុងការងារតាមរយៈមេធាវីសម្តេចតេជោផងដែរ។ ទាំងអស់នេះ សរបញ្ចាក់ថា មានតែការបោះឆ្នោតជូនសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជានោះទេ ទើបអាចបន្តថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គមទូទាំងប្រទេសបានគង់វង្ស និងបន្តការអភិវឌ្ឍឥតឈប់ឈរបន្ថែមទៀត។ ហេតុនេះ ឯកឧត្តមបានអំពាវនាវដល់សមាជិក និងប្រជាជនទូទាំងស្រុកកំពង់សៀម ត្រូវគាំទ្រសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ជាពិសេសក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
មុននឹងបញ្ចប់ ឯកឧត្តមក៏បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកកំពង់សៀមទាំងអស់ ឯកឧត្តមប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំ លោក លោកស្រីជាសមាជិកបក្សទាំងអស់ ដែលបានលះបង់អស់កំលាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ខិតខំប្រឹងប្រែងបំរើគណបក្ស និងជួយកសាងហេដ្ឋារចនាសម្ព័ន្ធតាមមូលដ្ឋាន ពិសេសជួយសម្រួល និងដោះស្រាលបញ្ហា ក្តីបារម្ភ និងទុក្ខលំបាករបស់ប្រជាជនយើងក្នុងស្រុកកំពង់សៀម។
ដើម្បីចូលរួមដល់ការអភិវឌ្ឍនៅមូលដ្ឋាន ឯកឧត្តម និងក្រុមការងារបានឧបត្ថម្ភថវិកាមួយចំនួនដល់គណបក្សមូលដ្ឋានឃុំកោះរកា កងកម្លាំងសមត្ថកិច្ច សមាជិកបក្សដែលបានចូលរួមពិធីនាព្រឹកនេះ និងឯកសណ្ឋានប្រជាការពារចំនួន ៥០ឈុតផងដែរ៕