កងកម្លាំងសន្តិសុខសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងតតាំងជាមួយក្រុមបាតុករប្រឆាំងរដ្ឋាភិបាលនៅតាមផ្លូវក្នុងរដ្ឋធានី Kinshasa។ ក្រុមបាតុករទាំងនេះ បានតវ៉ាប្រឆាំងនឹងភាពមិនប្រក្រតីនៅការចុះបញ្ជីបោះឆ្នោត។
រូបភាពវីដេអូ ដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម ឃើញដងផ្លូវពេញណែនដោយហ្វូងមនុស្សនៅក្នុងទីក្រុង Kinshasa ស្របពេលដែលកងកម្លាំងសន្តិសុខប្រដាប់ដោយអាវុធ មើលក្រុមបាតុករពីលើរថយន្តរបស់ពួកគេ ។
ក្រុមបាតុករទាំងអស់នេះ ខឹងសម្បារផងដែរលើការចំណាយកើនឡើងលើជីវិរភាពរស់នៅ និងភាពអសន្តិសុខដ៏យូរនៅតំបន់ភាគខាងកើតប្រទេស ជាទីដែលក្រុមជីវពលប្រដាប់អាវុធ និងក្រុមឧទ្ទាម បានសម្លាប់មនុស្សរាប់រយនាក់ និងធ្វើឲ្យមនុស្សជាង ១លាននាក់ ជម្លៀសខ្លួន។
ដោយឡែក ក្រុមបាតុកររាប់សិបនាក់ ត្រូវបានឃាត់ខ្លួនដោយកងកម្លាំងសន្តិសុខ ភ្លាមៗក្រោយពេលចាប់ផ្តើមបាតុកម្ម ដែលអំពាវនាវដោយក្រុមមេដឹកនាំប្រឆាំង ។
លោក Sylvano Kasongo គឺជាអ្នកនាំពាក្យនគរបាលក្រុង Kinshasa និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមនគរបាល ៣នាក់ត្រូវបានឃាត់ខ្លួនផងដែរសម្រាប់អំពើហិង្សាលើអនីតិជនម្នាក់ អំឡុងបាតុកម្មនោះ។ លោកបន្តថា ក្រុមនគរបាល ២៧នាក់ បានរងរបួសអំឡុងការប៉ះទង្គិចគ្នាជាមួយក្រុមបាតុករ ។
សូមបញ្ជាក់ថា កុងហ្គោ គ្រោងនឹងរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី ២០ ខែធ្នូខាងមុខនេះ ពេលដែលលោកប្រធានាធិបតី Felix Tshisekedi ត្រូវបានគេរំពឹងថានឹងតាមរកអាណត្តទី ២របស់លោក៕ អត្ថបទ៖ សារ៉ាត់


