លោក Yevgeny Prigozhin គឺជាមេបញ្ជាការទាហានស៊ីឈ្នូលរុស្ស៊ី Wagnerបាននិយាយថា ក្រុមអ្នកប្រយុទ្ធរបស់លោក បានដណ្តើមយកទីក្រុង Bakhmut របស់អ៊ុយក្រែន ទាំងស្រុងហើយ។
លោក Prigozhin បានអះអាងបែបនេះនៅក្នុងវីដេអូដែលឃើញលោកស្លៀកពាក់ឯកសណ្ឋានប្រយុទ្ធនៅមុខខ្សែបន្ទាត់ដែលក្រុមអ្នកប្រយុទ្ធកាន់ទង់ជាតិរុស្ស៊ី និងបដាទាហានស៊ីឈ្នូល Wagner ។ លោកថា នៅថ្ងៃនេះ វេលាម៉ោង ១២ថ្ងៃត្រង់ ទីក្រុង Bakhmut ត្រូវដណ្តើមបានទាំងស្រុង ហើយ។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែនបានធ្វើការច្រានចោលទាំងស្រុងចំពោះអំណះអំណាងមួយនេះ ដោយពួកគេនិយាយថា ការប្រយុទ្ធគ្នានៅតែបន្តនៅឡើយ ។
លោក Hanna Maliar គឺជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ុយក្រែន បានចាត់ទុកស្ថានភាពនៅទីក្រុង Bakhmut ថាធ្ងន់ធ្ងរ ហើយលោកនិយាយថា ទាហានអ៊ុយក្រែន កំពុងការពារយ៉ាងស្វិតស្វាញនៅតំបន់ភាគនិរតីទីក្រុង ។
សូមបញ្ជាក់ថា ទីក្រុង Bakhmut បានក្លាយជាចំណុចដ៏ក្តៅគគុកនៃសមរភូមិប្រយុទ្ធបង្ហូរឈាមគ្នាខ្លាំងបំផុតនៃសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ៕ អត្ថបទ៖ សារ៉ាត់

