គម្រោងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពុងពង្រីក និងធ្វើពិពិធកម្មទៅលើវិស័យឧស្សាហកម្មមិនមែនកាត់ដេរជាច្រើន សម្រាប់បម្រើទីផ្សារនាំចេញ និងកំពុងមានកំណើនប្រកបដោយចីរភាព និងភាពធន់នឹងវិបត្តិ ដោយមិនពឹងផ្អែកតែទៅលើវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបទាំងស្រុង។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្លែងលើកឡើងនៅក្នុង វេទិការអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោកលើកទី៩ និងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំធុរកិច្ច កម្ពុជា-ចិន នៅថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៣ នេះថា កម្ពុជាមានទីតាំងស្ថិតនៅត្រង់ចំណុចកណ្តាល នៃតំបន់អាស៊ាន និងមានភាពប្រទាក់ក្រឡាយ៉ាងស៊ីជម្រៅ ទៅក្នុងខ្សែច្រវាក់ តម្លៃតំបន់ តាមរយៈរបៀងសេដ្ឋកិច្ចភាគខាងត្បូងនៃមហាអនុតំបន់មេគង្គ ជាពិសេសប្រទេសកម្ពុជាស្ថិតនៅជិតចន្លោះទីក្រុងសំខាន់ ចំនួន២នៅក្នុងតំបន់ គឺទីក្រុងហូជីមិញ ប្រទេសវៀតណាម និងទីក្រុងបាងកក ប្រទេសថៃ ដែលទីក្រុងទាំងពីរនេះ កំពុងមានសកម្មភាព សេដ្ឋកិច្ចរស់រវើក និងមានមជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិតជាច្រើន ដែលអាចធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាទីតាំងដ៏ល្អបំផុត សម្រាប់រោងចក្រផលិតកម្ម ដែលផ្គត់ផ្គង់ដល់រោងចក្រនៅប្រទេសថៃ និងវៀតណាម។
ជាមួយនឹងសក្តានុពល និងឧត្តមភាពប្រៀបធៀបរបស់ខ្លួន កម្ពុជាបានកំពុងរៀបចំសម្របខ្លួនយ៉ាងប្រុងប្រយ័ត្ន ក្នុងការដោះ ស្រាយបញ្ហាប្រឈមមួយចំនួន ដែលអាចនឹងកើតចេញពីការប្រែប្រួល នៃនិន្នាការតំបន់ និងសកល ដូចជា ការប្រកួតប្រជែង ភូមិសាស្ត្រ នយោបាយ, ការគាំពារនិយម, ការបន្ទច់បង្អាក់ចរន្តនៃខ្សែច្រវាក់តម្លៃ និងផលិតកម្មសកល, សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា, ការប្រែប្រួលអាកាសធាតុ, បញ្ហាសម្ពាធអតិផរណាកើតចេញពីវិបត្តិថាមពល ដែលជាផលវិបាកនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទៅវិញទៅមករបស់ប្រទេសមហាអំណាច ពាក់ព័ន្ធនឹងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។ ក្នុងក្របខណ្ឌការងារវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបំពេញការងារយ៉ាងសស្រាក់សស្រាំដោយមានការសហការពិគ្រោះយោបល់យ៉ាងហ្មត់ចត់ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បី បញ្ចប់សេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសឱ្យប្រើនាពេលកន្លងមក។
ឯកឧត្តម បន្តឲ្យដឹងថា ចំពោះពាក់ព័ន្ធការរៀបចំសេចក្ដីព្រាងច្បាប់ ស្តីពីតំបន់សេដ្ឋកិច្ចពិសេស បច្ចុប្បន្នបានដាក់ចូលក្នុង នីតិវិធីជាបន្តបន្ទាប់ ដើម្បីស្នើសុំការអនុម័ត និងដាក់ឱ្យប្រើប្រាស់នៅពេលខាងមុខ។ ច្បាប់នេះនឹងចូលរួមពន្លឿនការធ្វើពិពិធកម្ម សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែសម្បូរបែប ការជំរុញការតភ្ជាប់ និងការបង្កើតកម្រងឧស្សាហកម្មជាដើម។ បច្ចុប្បន្នការ វិនិយោគនៅកម្ពុជា ពិសេសគម្រោងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពុងពង្រីក និងធ្វើពិពិធកម្មទៅលើវិស័យផ្សេងៗ ជាច្រើនទៀតដូចជា វិស័យអេឡិចត្រូ និក, គ្រឿងបង្គុំរថយន្តផលិតកម្មកង់រថយន្តគ្រប់ប្រភេទ, គ្រឿងសង្ហារឹម, សូឡា, កង់, សម្ភារៈតាំងលទ្ឋបុណ្យណូអែល និងផលិតផល ផ្សេងៗទៀត សម្រាប់នាំចេញទៅកាន់ទីផ្សារបរទេស។
ឯកឧត្តម ជា វុទ្ធី បានបញ្ជាក់ថា វិស័យទាំងអស់ខាងលើនេះ កំពុងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ឱ្យមានកំណើនប្រកប ដោយចីរភាព និងភាពធន់នឹងវិបត្តិ ដោយមិនពឹងផ្អែកតែទៅលើវិស័យកាត់ដេរផលិតស្បែកជើង និងកាបូបទាំងស្រុងឡើយ។ តំបន់សេដ្ឋ កិច្ចពិសេស គឺជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការទាក់ទាញវិនិយោគ ក្នុងវិស័យមិនមែនសម្លៀកបំពាក់ និងស្បែកជើង ដោយសារការ ផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ប្រតិបត្តិការវិនិយោគ និងសេវាច្រកចេញចូលតែមួយនៅក្នុងតំបន់ ព្រមទាំងលក្ខណៈផ្សេងទៀត របស់តំបន់ដូចជា កត្តាសុវត្ថិភាព ទំនុកចិត្ត ការគ្រប់គ្រងបានល្អពាក់ព័ន្ធនឹងបញ្ហាកម្មករជាដើម៕ អត្ថបទ៖ សុន រ៉ាឌី






