ក្រុមមេដឹកនាំយោធាមីយ៉ាន់ម៉ានិយាយថា បច្ចុប្បន្នមនុស្សយ៉ាងហោច ១៤៥នាក់ បានបាត់បង់ជីវិតនៅក្នុងប្រទេសមួយនេះ ដោយសារព្យុះស៊ីក្លូន Mocha។
ពួកគេនិយាយថា ភាគច្រើននៃជនរងគ្រោះដោយសារព្យុះស៊ីក្លូន Mocha ដែលបានបោកបក់មកដល់ដីគោកកាលពីថ្ងៃអាទិត្យសប្តាហ៍មុន មកពីតំបន់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។
អង្គការសហប្រជាជាតិ(UN)បាននិយាយថា មនុស្សប្រហែល ៨០ម៉ឺននាក់ បានរងផលប៉ះពាល់ដោយសារតែព្យុះដ៏ខ្លាំងក្លាមួយនេះ។
ជាមួយនឹងកម្លាំងខ្យល់បក់ ២០៩គ.មក្នុង១ម៉ោង ព្យុះស៊ីក្លូន Mocha ដែលត្រូវបានគេចាត់ទុកថាជាព្យុះប្រភេទទី ៥ បានបោកបក់លើរដ្ឋ Rakhine ស្ថិតនៅតំបន់ភាគខាងលិចមីយ៉ាន់ម៉ា ក៏ដូចជាតំបន់ Sagaing និងតំបន់ Magway។
របបសឹកយោធា និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្សសរុបទាំងអស់ ១៤៥នាក់ បានស្លាប់អំឡុងពេលព្យុះ Mocha ។ នៅក្នុងចំណោមជនរងគ្រោះ គឺជាទាហាន ៤នាក់ ក្រុមអ្នកស្រុក ២៤នាក់ និងមនុស្ស ១១៧នាក់មកពីតំបន់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា៕ អត្ថបទ៖ សារ៉ាត់
