រដ្ឋមន្រ្តីក្រសួងអប់រំ យុជន និងកីឡា ឯកឧត្តមបណ្ឌិសភាចារ្យ ហង់ ជូនណារុន បានឲ្យដឹងថា និស្សិតខ្មែរ យ៉ាងតិច ១៥០០នាក់បានទៅសិក្សានៅក្រៅប្រទេស ដោយក្នុងនោះ១០០០នាក់ជាប់អាហារូបករណ៍ និង ៥០០នាក់ទៀតទៅសិក្សាដោយបង់ថ្លៃខ្លួនឯង។
ថ្លែងប្រាប់ទូរទស្សន៍ BTV ក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីជួបជុំអតីត និស្សិតខ្មែរដែលបានទៅសិក្សានៅប្រទេសបារាំង ឬទទួលបានសញ្ញាប័ត្រពីគ្រឹះស្ថានឧត្តមសិក្សាបារាំង ដែលបានធ្វើឡើងនៅក្នុង ស្ថានទូតបារាំងប្រចាំនៅកម្ពុជា នាយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ហង់ ជូនណារុន បានលើកឡើងថា ក្រៅពីរដ្ឋាភិបាលបារាំងផ្តល់ជូនអាហារូបករណ៍ដល់និស្សិតកម្ពុជាឲ្យទៅសិក្សា នៅប្រ ទេសបារាំងនោះ ក៏មានប្រទេសជាច្រើនទៀត ដែលជាមិត្តកម្ពុជាបានផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរ ឲ្យទៅសិក្សានៅប្រទេសពួកគេផងដែរ ដោយគិតជាមធ្យមគឺចំនួន១០០០អាហារូបករណ៍ ខណៈដែលគេផ្តល់ជូនដល់និស្សិតកម្ពុជានេះ គឺតាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អ ដូចជាប្រទេសបារាំងជាដើមនោះ។
បើតាមឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ក្រោយនិស្សិតកម្ពុជាបានបញ្ចប់ការសិក្សា នៅប្រទេសបារាំង ក៏ដូចជាប្រទេសផ្សេងៗនោះ គឺពួកគេបានមកចូលរួមកិច្ចការប្រទេសជាតិជាច្រើន ដូច ជាការធ្វើគ្រូបង្រៀន និងកិច្ចការងារជាច្រើនទៀតនៅតាមក្រសួង ស្ថាប័ន និងគ្រឹះស្ថានផ្សេងៗទៀត៕
អត្ថបទ៖ បាន ចក់








