ភ្នំពេញ៖ លោក កៀង ល័ក្ស អនុប្រធានគណៈឃោសនាអប់រំប្រតិកម្មរហ័សរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានជួបសំណេះសំណាល និងផ្តល់បណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) ជូនសមាជិក សមាជិកា សមាគមកង់បី និងបុគ្គលិកបំរើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សរុបចំនួន ២១៣៣នាក់ នាវេលាម៉ោង៨ព្រឹកទី២១ ខែឧសភា ឆ្នាំ២០២៣នេះ។
ក្នុងពិធីនោះដែរលោក កៀង ល័ក្ស បានមានប្រសាសន៍ថា គណបក្សប្រជាជន ជាគណបក្សរបស់ប្រជាជន កើតឡើងស្ថិតស្ថេរ និងរីកចម្រើនដោយសារប្រជាជន និងធ្វើអ្វីៗ គ្រប់យ៉ាងដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជន។
គណបក្សប្រជាជនចាប់ពីថ្ងៃបដិសន្ធិមក គណបក្សបានប្រកាន់ភ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន រួមសុខទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ គណបក្ស បានការពារការរស់ឡើងវិញរបស់ប្រជាជន ដោយទប់ស្កាត់មិនឱ្យរបបដ៏ឃោរឃៅនេះអាចវិលត្រឡប់មកវិញបាន និងបានស្តារ និងកសាងសង្គម-សេដ្ឋកិច្ច ពីស្ថានភាពត្រូវបានបំផ្លាញខ្ទេចខ្ទីដល់ឬសគល់ឱ្យរស់ឡើងវិញ និងមានស្ថិរភាពជាជំហានៗ រហូតឈានដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យប្រកបដោយចីរភាព និងសមធម៌។
លោក កៀង ល័ក្ស បានបញ្ជាក់បន្ថែមទៀតថា សម្តេចតេជោបានរំដោះអាយុជីវិតប្រជាជនកម្ពុជាពីជំងឺដ៏សាហាវ នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលជាវិបត្តិសកល អនុវត្តវិធានការរដ្ឋបាល បិទខ្ទប់ ស្វែងរកវ៉ាក់សាំងគ្រប់ទិសទីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ “យុទ្ធសាស្រ្តផ្ការីក” ឧបត្ថម្ភជាសម្ភារៈ និងថវិកាជូនប្រជាពលរដ្ឋរងគ្រោះ និងបើកសេដ្ឋកិច្ចប្រទេសដំណើការជាប្រក្រតីភាពឡើងវិញ។ ហើយសម្តេចតេជោ តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខបុគ្គលិកបំរើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទូទាំងប្រទេស ដោយមិនទុកនរណាម្នាក់ស្លាប់ដោយដាច់បាយ។
ប្រជាពលរដ្ឋក៏ដូចជាសមាជិក សមាជិកា ដែលទទួលបានបណ្ណ ប.ស.ស មានការសាទរយ៉ាងខ្លាំង ចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាមគ្គុទ្ទេសក៍ “សន្តិភាព” អនុវត្តនូវគោលនយោបាយឈ្នះឈ្នះ បញ្ចប់សង្រ្គាមកាប់សម្លាប់រង្គាលពីរបបប្រល័យពូជសាសន៍ប៉ុល ពត នាំកម្ពុជាមានសុខសន្តិភាព សិ្ថរភាព ឯកភាពជាតិ ឯករាជ្យ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
បន្ថែមទៀតនោះពួកគាត់ សូមថ្លែងអំណរអរគុណដល់ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងសមាជិកបក្សដែលមានជីវភាពខ្វះខាត ឧបត្ថម្ភគាំពារទាំងផ្នែកសុខុមាលភាព ថវិកា និងគ្រឿងឧបភោគបរិភោគ៕







