ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នៅខាងក្រៅវេទិកានៃកិច្ចប្រជុំកំពូលក្រុមប្រទេសទាំងប្រាំពីរ (G7) នៅប្រទេសជប៉ុននៅពីថ្ងៃអាទិត្យ (២១ ឧសភា) នេះ។
លោក Widodo បានធ្វើទស្សនកិច្ចទៅកាន់អ៊ុយក្រែន ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងសន្តិភាពកាលពីឆ្នាំមុន ហើយបានអញ្ជើញលោក Zelenskiy ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសទាំងម្ភៃ (G20) ដែលត្រូវបានចូលរួមដោយលោក Zelenskiy តាមអនឡាញ។
លោក Zelenskiy ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak និងមេដឹកនាំផ្សេងៗទៀត នៅពេលលោកបានទៅដល់កាលពីថ្ងៃសៅរ៍ (២០ ឧសភា) ។
វត្តមានដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ប្រធានាធិបតីអ៊ុយក្រែននៅក្នុងកិច្ចប្រជុំកំពូល G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ជាទីក្រុងដំបូងគេដែលទទួលរងការវាយប្រហារនុយក្លេអ៊ែរ ក៏បានបង្ហាញពីការព្រួយបារម្ភរបស់លោកខាងលិចជុំវិញការគំរាមកំហែងដោយនុយក្លេអ៊ែរដែលបង្កឡើងដោយទីក្រុងម៉ូស្គូផងដែរ។ អត្ថបទ៖ ស្រីទាវ

