នៅថ្ងៃអាទិត្យ (២១ ឧសភា)នេះ ខណៈពេលនៅក្នុងប្រទេសជប៉ុនសម្រាប់កិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេសទាំងប្រាំពីរ (G7) នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បាននិយាយថាលោកមានការព្រួយបារម្ភ "មួយចំនួន" ជុំវិញសកម្មភាពរបស់ប្រទេសចិន។
លោក Albanese បានគូសបញ្ជាក់ពី "ការដេញតាមចាប់" ឬការស្ទាក់ចាប់ដ៏គ្រោះថ្នាក់នៃយន្តហោះយោធាអូស្ត្រាលីនៅក្នុងតំបន់សមុទ្រចិនខាងត្បូងដោយយន្តហោះចម្បាំងរបស់ចិន កាលពីខែឧសភា ឆ្នាំ ២០២២។ លោកក៏បានអំពាវនាវឱ្យទីក្រុងប៉េកាំងផ្តល់តម្លាភាពលើបញ្ហាការទូត ដូចជាករណីឃាត់ខ្លួនអ្នកសារព័ត៌មានជនជាតិអូស្ត្រាលីអ្នកស្រី Cheng Lei ជាដើម។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា លោក Albanese ក៏បាននិយាយថាលោកបានគាំទ្រសេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រទេសទាំងប្រាំពីរឬ G7 ដែលសង្កត់ធ្ងន់លើតម្រូវការក្នុងការកាត់បន្ថយការពឹងផ្អែកលើពាណិជ្ជកម្មជាមួយប្រទេសចិន ដោយបញ្ជាក់ថាលោកបានគាំទ្រ "សេចក្តីថ្លែងការណ៍របស់ក្រុមប្រទេសទាំងប្រាំពីរ អំពីទំនាក់ទំនងអន្តរជាតិដែលយើងមាននៅទីនោះ"។
ទីក្រុងប៉េកាំងបានត្អូញត្អែចំពោះម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលគឺប្រទេសជប៉ុនជុំវិញសេចក្តីថ្លែងការណ៍នេះ នេះបើយោងតាមក្រសួងការបរទេសចិន៕ អត្ថបទ៖ ស្រីទាវ
