តាកែវ ៖ អភិបាលខេត្តតាកែវ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម អ៊ូច ភា បាននាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ក្រុមអាជីវករផ្សារត្រាំកក់ ដែលរងគ្រោះដោយសារអគ្គិភ័យឆាបឆេះ តូបអស់ទាំងស្រុង កាលពីពេលកន្លងទៅថ្មីៗនេះ។
ក្នុងឱកាសចុះចែកអំណោយដល់ក្រុមអាជីវករផ្សារត្រាំកក់ នៅព្រឹកថ្ងៃទី៧ ខែឧសភា នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត មានប្រសាសន៍ដោយបានពាំនាំនូវបណ្តាំសាកសួរ សុខទុក្ខពីសំណាក់សម្តេចកិត្ដិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកជម្រាបជូនក្រុមអាជីវករដោយក្តីនឹករំលឹក និងចូលរួមសោកស្ដាយចំពោះហេតុការណ៍អគ្គិភ័យ ដែលបានឆាប់ឆេះផ្សារត្រាំកក់នេះ ដែលធ្វើឱ្យខូចខាតសម្ភារលក់ដូរអស់មួយចំនួនធំ ហើយគ្រាន់តែទទួលបានព័ត៌មាននេះភ្លាម សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានណែនាំឲ្យមន្ត្រីសាខាកាកបាទក្រហមខេត្តតាកែវ នាំយកអំណោយទៅចែកជូនភ្លាមៗ ដើម្បីជាការជួយសម្រាលទុក្ខបានមួយគ្រា។
ឯកឧត្តម បន្តថា ទីណាមានទុក្ខលំបាក ទីនោះតែងតែមានមុខអាជ្ញាធរជាពិសេសមន្ត្រីកាកបាទក្រហម ចុះជួយបងប្អូនគ្រប់ពេលវេលាវេលា ហើយការចុះជួយនេះ គឺមិនគិតពីជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីទាំងអស់។
ឯកឧត្តម អ៊ូច ភា ឆ្លៀតឱកាសនេះ បានធ្វើការណែនាំដល់អាជីវរកទាំងអស់ កុំភ្លេចថែរក្សាសុខភាព ជាពិសេស ៣កុំ ៣កាពារ ដោយធ្វើយ៉ាងណាចៀសវាងឱ្យបាននូវការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយត្រូវតែពាក់ម៉ាស់ លាងដៃនឹងសាប៊ូ ឬអាល់កុល និងត្រូវរក្សាគម្លាតពីគ្នា ដែលបើធ្វើដូច្នេះបានវានឹងជួយទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជាក់ជាពុំខាន៕
អត្ថបទ៖ គុជ វិភាគ