ទីក្រុង Udaipur ភាគខាងជើងនៃប្រទេសឥណ្ឌា បានឃើញរថយន្តសង្គ្រោះដើមឈើមួយ បានបើកនៅជុំវិញតំបន់នេះ ក្នុងគោលបំណងពិនិត្យមើលរុក្ខជាតិនៅតាមដងផ្លូវ និងផ្តល់ការ ថែទាំដែ លត្រូវការដល់ពួកវាកាលពីថ្ងៃសៅរ៍ (២០ ឧសភា) ។
រថយន្តសង្គ្រោះដើមឈើ ដែលជាគំនិតផ្តួចផ្តើមដោយអង្គការក្រៅរដ្ឋាភិបាល Namokar Seva Sansthan មានគោលបំណងធ្វើឱ្យទីក្រុងកាន់តែមានពណ៌បៃតងដោយដាំដើមឈើបន្ថែមទៀត និងថែទាំវាជាប្រចាំ។
ប្រធានអង្គការ Namokar Seva Sansthan លោក Mukesh Jain បាននិយាយថា "រថយន្តសង្គ្រោះដើមឈើបានដឹកសម្ភារៈចាំបាច់ទាំងអស់ និងអ្នកស្ម័គ្រចិត្តចំនួន៣នាក់ ដើម្បីដាំកូនឈើ បន្ថែមជី និងដំឡើងរបងការពារជុំវិញដើមឈើទាំងនោះ។ បន្ទាប់ពីដំឡើងរួច ប្រសិនបើរបងការពារដើមឈើនោះបាក់ ឬត្រូវបានគេលួច ឬមានគ្រោះថ្នាក់ណាមួយកើតឡើងលើដើមឈើនោះ រថយន្តសង្គ្រោះនឹងចុះទៅជួសជុល” ។
អ្នកស្រុកនៅទីក្រុង Udaipur ក៏ហាក់បីដូចជាមានសង្ឃឹមចំពោះគំនិតផ្តួចផ្តើមដែលបានដំណើរការអស់រយៈពេលប្រាំឆ្នាំកន្លងមកនេះ។
អ្នកស្ម័គ្រចិត្តនៅអង្គការ Namokar Seva Sanasthan បានដាំកូនឈើចំនួន ៥.២៥០ ដើមនៅចំណុចផ្លូវប្រសព្វសំខាន់ៗមួយចំនួននៃទីក្រុងរហូតមកដល់ពេលនេះ៕ អត្ថបទ៖ ស្រីទាវ