អ៊ុយក្រែន៖ អ៊ុយក្រែន និយាយថា កាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួននៅតែកំពុងវាយរុលទៅមុខជុំវិញក្បែរទីក្រុង Bakhmut ដើម្បីឡោមព័ទ្ធទីក្រុងភាគខាងកើត ដែលរងការបំផ្លិចបំផ្លាញមួយនេះ បន្ទាប់ពីទីក្រុង Moscow បានអបអរសាទរកងកម្លាំងទាហានស៊ីឈ្នួលវ៉េកណាគ្រុប (Wagner) និងកងទ័ពរុស្ស៊ី ដែលដណ្ដើមយកទីក្រុងនេះបាន។

ប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានដណ្ដើមយកបានទីក្រុង Bakhmut ទាំងស្រុង ហើយប្រសិនបើមានការបញ្ជាក់ដូច្នេះពិតមែន នោះនឹងក្លាយជាការបញ្ចប់សមរភូមិប្រយុទ្ធដ៏យូរនិង បង្ហូរឈាមបំផុត នៃសង្គ្រាមរយៈពេល១៥ខែមកនេះ ។ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានកោតសរសើរដល់ទាហាននៃកងទ័ពជាតិ និងក្រុមទាហានស៊ីឈ្នួលវ៉េកណារបស់លោក។
ប៉ុន្តែ កាលពីថ្ងៃអាទិត្យ ឧត្ដមសេនីយ៍ជាន់ខ្ពស់អ៊ុយក្រែនមួយរូប បាននិយាយថា កងកម្លាំងរបស់ក្រុង Kyiv នៅតែបន្តគ្រប់គ្រងអ្វីដែលលោកបានទទួលស្គាល់ថា ជាផ្នែកមិនសំខាន់នៃទីក្រុង Bakhmut ទោះបីថា នឹងនាំឲ្យពួកគេចូលទៅកាន់ទីក្រុងនេះ នៅពេលស្ថានភាពបានប្រែប្រួលយ៉ាងណាក៏ដោយ។
លោកឧត្ដមសេនីយ៍ Oleksandr Syrskyi បាននិយាយនៅក្នុងសារបង្ហោះតាម Telegram ថា កងទ័ពរបស់ ទីក្រុង Kyiv កំពុងវាយសម្រុករុលទៅមុខ លើកងកម្លាំងរុស្ស៊ី នៅក្នុងតំបន់ជាយក្រុងនានានិងកំពុងរុលចូលរទៅកាន់តែជិតក្នុងការឡោមព័ទ្ធជាយុទ្ធសាស្ត្រនៃទីក្រុងដែលធ្លាប់មានប្រជាពលរដ្ឋរស់នៅប្រមាណ៧ម៉ឺននាក់មួយនេះ។
សេចក្ដីថ្លែងការណ៍មួយចេញដោយអគ្គសេនាធិការចម្រុះរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ ការវាយសម្រុករបស់រុស្ស៊ី នៅជុំវិញទីក្រុង Bakhmut បានចុះខ្សោយរួមទាំងការវាយប្រហារតាមអាកាសលើទីក្រុងនេះ និងភូមិ Ivanivske នៅតំបន់ភាគខាងលិច៕