អេក្វាឌ័រ៖ រដ្ឋអាជ្ញាបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្មាន់កាំភ្លើងនៅក្នុងប្រទេសអេក្វាឌ័រ បានបើកការបាញ់ប្រហារនៅក្នុងភោជនីដ្ឋានមួយ នៅទីក្រុងឆ្នេរសមុទ្រសំបូរដោយភ្ញៀវទេសចរ បណ្តាលឲ្យមនុស្ស៦នាក់ស្លាប់ និង៦នាក់ផ្សេងទៀតរងរបួស។

ការិយាល័យរដ្ឋអាជ្ញាបាននិយាយលើបណ្តាញTwitter ថា ការវាយប្រហារនោះ បានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ នៅក្នុងតំបន់កម្សាន្តពេលយប់ដ៏មមាញឹកនៅទីក្រុង Montanita នៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិក។ ព័ត៌មានពុំត្រូវបានផ្តល់ឲ្យនោះទេអំពីអាយុឬការកំណត់អត្តសញ្ញាណនៃមនុស្សដែលត្រូវបានបាញ់ប្រហារទាំងនោះ។
ដោយមានទីតាំងរវាងប្រទេសកូឡំប៊ី និងប្រទេសប៉េរូ ជាប្រទេសផលិតកូកាអ៊ីនឈានមុខមួយរបស់ពិភពលោក ប្រទេសអេក្វាឌ័រទប់ស្កាត់ការកើនឡើងធំបំផុតក្នុងបទឧក្រិដ្ឋនៅក្នុងប្រវត្តិសាស្ត្រនានាពេលថ្មីៗនេះរបស់ខ្លួន។ ស្ត្រីម្នាក់នៅជិតភោជនីយដ្ឋាននៅពេលការបាញ់ប្រហារចុងក្រោយ បានប្រាប់សារព័ត៌មានថា យើងបានលឺសំឡេងអ៊ូអរ ហើយមនុស្សបានស្រែកឲ្យរត់ វាជាការបាញ់ប្រហារ។ នាងពុំបានប្រាប់ឈ្មោះរបស់នាងនោះទេ ដោយនាងបាននិយាយថា នាងព្រួយបារម្ភថាជាការបាញ់សងសឹក។

វាជាការបាញ់ប្រហារទ្រង់ទ្រាយធំលើកទី២ក្នុងរយៈពេលច្រើនថ្ងៃមកនេះ នៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិក ប្រទេសអេក្វាឌ័រ។ ប្រធានាធិបតីគណបក្សអភិរក្សនិយម លោក Guillermo Lasso បានព្យាយាមប្រយុទ្ធប្រឆាំងរលកឧក្រិដ្ឋកម្មដោយការប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នក្នុងខេត្តដែលរងការវាយប្រហារខ្លាំងបំផុត ដូចជាខេត្ត Santa Elena ដែលរួមទាំងក្រុង Montanita ។ វិធានការនេះ បានអនុញ្ញាតឲ្យដាក់ពង្រាយទាហាននៅតាមដងផ្លូវ និងប្រកាសបម្រាមគោចរ។ រដ្ឋាភិបាល បានដាក់កំហុសអំពើហិង្សាលើការប្រយុទ្ធគ្នារវាងជនអន្ធពាលថ្នាំញៀនដែលទាមទាមឥទ្ធិពល និងការគ្រប់គ្រងផ្លូវដើម្បីដឹកជញ្ជូនកូកាអ៊ីន និងគ្រឿងញៀនផ្សេងទៀតពីឆ្នេរសមុទ្រប៉ាស៊ីហ្វិក ទៅកាន់អឺរ៉ុប និងសហរដ្ឋអាមេរិក៕