ក្រិក៖ គណបក្សប្រជាធិបតេយ្យថ្មី (New Democracy ) ដែលកំពុងកាន់អំណាចរបស់ប្រទេសក្រិក បានដណ្តើមបានជ័យជម្នះយ៉ាងច្រើនលើសលប់ នៅក្នុងការបោះឆ្នោតសភា កាលពីថ្ងៃអាទិត្យ (ទី២១ ឧសភា) ប៉ុន្តែនៅខ្វះកម្រិតតិចតួចដែលជាតម្រូវការក្នុងការបង្កើតរដ្ឋាភិបាលដោយខ្លួនឯង។

ដោយសន្លឹកឆ្នោតភាគច្រើនត្រូវបានរាប់រួច គណបក្សលទ្ធិប្រជាធិបតេយ្យថ្មីអភិរក្សនិយម បាននាំមុខយ៉ាងសម្បើម ៤០,៨% ដោយយកឈ្នះក្រុមឆ្វេងនិយមរ៉ាឌីកាល់ Syriza ដែលបានគ្រប់គ្រងប្រទេសពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ដែលទទួលបានសំឡេងឆ្នោត ២០,១%។
មនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅទីស្នាក់ការកណ្តាលនៃគណបក្សលទ្ធិប្រជាធិបតេយ្យថ្មី (New Democracy) ក្នុងទីក្រុងអាតែន (Athens) ដោយធ្វើការអបអរសាទរ នៅពេលដែលមេដឹកនាំគណបក្ស លោក Kyriakos Mitsotakis បានចេញមកស្វាគមន៍ក្រុមមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់នោះ។
លោក Mitsotakis បានថ្លែងប្រាប់អ្នកគាំទ្រថា៖ «យើងមានកាតព្វកិច្ចជាធម្មតាក្នុងការក្រោកឡើងក្នុងឱកាសនេះ។ យើងនឹងរួមគ្នាផ្តល់ឲ្យមានការតតាំងបន្ទាប់ទៀត ដែលនឹងចាប់ផ្តើមនៅថ្ងៃស្អែក ដូច្នេះនៅក្នុងការបោះឆ្នោតបន្ទាប់ ដូចដែលប្រជាពលរដ្ឋបានសម្រេចចិត្តរួចហើយ ប្រជាធិបតេយ្យថ្មីស្វយ័ភាព (គណបក្ស) នឹងត្រូវបានបញ្ជាក់តាមរបៀបគណនាឲ្យបានជាក់លាក់ផងដែរ»។
ក្រសួងមហាផ្ទៃក្រិក បានព្យាករថា គណបក្សប្រជាធិបតេយ្យថ្មី (New Democracy) អាចឈ្នះអាសនៈចំនួន ១៤៥ ក្នុងសភា ដែលខ្វះ ៦សំឡេងដែលជាសំឡេងភាគច្រើនដាច់ខាត។

នៅថ្ងៃចន្ទ ទី២២ ខែឧសភា ប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou នឹងផ្តល់ឱកាសដល់គណបក្សធំៗទាំង៣ គឺគណបក្សប្រជាធិបតេយ្យថ្មី (New Democracy), គណបក្ស Syriza, និងគណបក្ស Socialist PASOK ក្នុងបក្សនីមួយៗ មានរយៈពេល ៣ថ្ងៃ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។ប្រសិនបើគណបក្សទាំងអស់ មិនអាចសម្រេចបានទេ លោកស្រី Sakellaropoulou នឹងតែងតាំងរដ្ឋាភិបាលចាំផ្ទះ ដើម្បីរៀបចំការបោះឆ្នោតថ្មីប្រមាណជាមួយខែក្រោយ៕