ប៉ាពួនូវ៉ែលហ្គីណេ៖នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានទៅដល់ប្រទេសប៉ាពួនូវ៉ែលហ្គីណេហើយ នៅមុនកិច្ចប្រជុំជាមួយមេដឹកនាំកោះប៉ាស៊ីហ្វិក ដើម្បីពិភាក្សាអំពីពាណិជ្ជកម្ម បម្រែបម្រួលអាកាសធាតុ និងសន្តិសុខ ក្នុងតំបន់ នៅថ្ងៃចន្ទ (ទី២២ ខែឧសភា) នេះ។

លោក Modi ដែលត្រូវបានទទួលនៅឯអាកាសយានដ្ឋាន កាលពីល្ងាចថ្ងៃអាទិត្យ ដោយនាយករដ្ឋមន្ត្រីប៉ាពួនូវ៉ែលហ្គីណេ លោក James Marape នឹងបើកកិច្ចប្រជុំទ្វេភាគី នៅព្រឹកថ្ងៃចន្ទនេះ មុនពេលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ក្នុងតំបន់ជាមួយមេដឹកនាំកោះប៉ាស៊ីហ្វិកចំនួន១៤រូប។
លោក Blinken ត្រូវបានគរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងសហរដ្ឋអាមេរិក និងប៉ាពួនូវ៉ែលហ្គីណេ ហើយនឹងរៀបចំកិច្ចប្រជុំជាមួយមេដឹកនាំកោះប៉ាស៊ីហ្វិក នាពេលរសៀលផងដែរ។
នាយករដ្ឋមន្ត្រីកោះសូឡូម៉ុង លោក Manasseh Sogavare នាយករដ្ឋមន្ត្រីកោះសាម៉ូអា លោក Fiame Naomi Mataafa នាយករដ្ឋមន្ត្រីកោះវ៉ានូទូ លោក Alatoi Ishmael Kalsakau និងប្រធានាធិបតីនូវ៉ែលកាឡេដូនី លោក Louis Mapou ស្ថិតក្នុងចំណោមមេដឹកនាំកោះប៉ាស៊ីហ្វិក ដែលបានមកដល់កាលពីថ្ងៃអាទិត្យ។ នាយករដ្ឋមន្ត្រីប្រទេសនូវ៉ែលហ្សេឡង់ លោក Chris Hipkins និងរដ្ឋមន្ត្រីប៉ាស៊ីហ្វិករបស់អូស្ត្រាលីលោក Pat Conroy ក៏នឹងមានវត្តមាន ក្នុងកិច្ចប្រជុំនេះផងដែរ។

រដ្ឋាភិបាលរបស់ប៉ាពួញូវហ្គីណេ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃចន្ទនេះថា លោក Blinken នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ និងកិច្ចព្រមព្រៀងផ្គត់ផ្គង់នាវា ដែលនឹងអនុញ្ញាតឲ្យនាវាឆ្មាំឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិកជាមួយមន្ត្រីប៉ាពួនូវ៉ែលហ្គីណេ ធ្វើការល្បាត នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងជំនួសប្រធានាធិបតី លោក ចូ បៃដិន (Joe Biden) សម្រាប់កិច្ចប្រជុំកំពូលស្របគ្នា នៅប៉ាពួនូវ៉ែលហ្គីណេ ជាមួយមេដឹកនាំលោក Marape និងប៉ាស៊ីហ្វិក នៅថ្ងៃចន្ទនេះ ជាកន្លែងដែលគាត់ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសកោះទាំងនេះ។
សម្រាប់លោក Modi បន្ទាប់ពីជួបជាមួយលោក Marape រួចរាល់ លោកនឹងធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី នៅថ្ងៃអង្គារ ដើម្បីពិភាក្សាជាមួយនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ លោក Anthony Albanese ដើម្បីបញ្ចប់ដំណើរទស្សនកិច្ចបីប្រទេសរបស់លោក៕