El Salvador៖ យ៉ាងហោចណាស់មនុស្ស១២នាក់បានស្លាប់ និងចំនួនមិនជាក់លាក់បានរងរបួសបន្ទាប់ពីហេតុការណ៍ប្រជ្រៀតជាន់គ្នានៅពហុកីឡដ្ឋានបាល់ទាត់ ក្នុងប្រទេសអែលសាលវ៉ាឌ័រ កាលពីចុងសប្តាហ៍កន្លងទៅនេះ។
ក្រុម Alianza FC និងក្លឹប Deportivo FAS បានប្រកួតគ្នានៅជុំទី២នៃការប្រកួតកីឡា៤ប្រកួតវគ្គចុងក្រោយនៃវគ្គជម្រុះរបស់ពួកគេ នៅពហុកីឡដ្ឋាន Cuscatlan នៅក្នុងរដ្ឋធានី San Salvador នៅពេលនោះការប្រកួតបានផ្អាកបន្ទាប់ពីហេតុការណ៍ប្រជ្រៀតជាន់គ្នាបានកើតឡើងនៅក្នុងទីតាំងសម្រាប់អ្នកឈរទស្សនាការប្រកួត។

ពហុកីឡដ្ឋាន Cuscatlan អាចផ្ទុកអ្នកគាំទ្របាន ៤៤.០០០នាក់ ដែលបានធ្វើឲ្យវាក្លាយជាពហុកីឡដ្ឋានធំបំផុតមួយនៅក្នុងប្រទេសអាមេរិកកណ្តាល។
រដ្ឋមន្ត្រីរដ្ឋាភិបាល លោក Juan Carlos Bidegain បាននិយាយថា ពហុកីឡដ្ឋានបានប្រែក្លាយទៅជាសមរភូមិ។ ប្រធានាធិបតីអែលសាលវ៉ាឌ័រ លោក Nayib Bukele បាននិយាយនៅលើបណ្តាញTwitter ថា នគរបាលស៊ីវិលជាតិ និងការិយាល័យអគ្គមេធាវីនឹងធ្វើការស៊ើបអង្កេតហ្មត់ចត់នៅក្នុងហេតុការណ៍នៅ ពហុកីឡដ្ឋាននេះ។
មនុស្សគ្រប់គ្នានឹងត្រូវបានស៊ើបអង្កេត មានទាំងក្រុម អ្នកគ្រប់គ្រង ពហុកីឡដ្ឋាន ការិយាល័យប្រអប់សំបុត្រ ក្រុមប្រកួត សហព័ន្ធ និងជាច្រើនទៀត។ នណាក៏ដោយដែលជាពិរុទ្ធជន ពួកគេនឹងពុំត្រូវបានរួចផុតពីទណ្ឌកម្មនោះទេ៕
