អាមេរិក៖ យានចម្លង SpaceX បានចាកចេញ កាលពីថ្ងៃអាទិត្យ (ទី២១ ឧសភា) ដែលដឹកសុទ្ធតែក្រុមអវកាសយានិកឯកជនទាំងអស់ជាលើកទី២ ឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS)។
យាន Falcon 9 និង Dragon បានចាកចេញពីស្ថានីយអវកាស Kennedy នៅក្រុង Cape Canaveral រដ្ឋ Florida ដោយដឹកសមាជិកនាវិករបស់យានបេសកកម្ម Axiom Mission 2 (AX-2) ទៅស្នាក់នៅ នៅឯសា្ថនីយ៍អវកាស ISS រយៈពេលមួយសប្តាហ៍។

យានបេសកកម្ម AX-2 ត្រូវបានបញ្ជាដោយអតីតអវកាសយានិករបស់អង្គការ NASA លោកស្រី Peggy Whitson និងដឹកពីឡុតដែលជាអតិថិជនបង់ប្រាក់ លោក John Shoffner និងអ្នកឯកទេសបេសកកម្ម លោក Ali Alqarni និងលោកស្រី Rayyanah Barnawi ដែលតំណាងឲ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
លោកស្រី Barnawi ដែលជាអ្នកវិទ្យាសាស្ត្រជំនាញក្នុងការស្រាវជ្រាវកោសិកាដើមមហារីក គឺជាអវកាសយានិកស្ត្រីដំបូងរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលធ្វើដំណើរទៅកាន់ ISS ជាកន្លែងដែលនាងនឹងផ្តោតលើការជំរុញការស្រាវជ្រាវជំងឺមហារីកសុដន់។
ក្រុមយានិកទាំងនោះ ត្រូវបានគេរំពឹងថា នឹងទៅដល់ស្ថនីយអវកាស ISS នៅព្រឹកថ្ងៃចន្ទ (ទី២២ ឧសភា) នេះ ដែលនៅទីនោះ ពួកគេនឹងធ្វើការស្រាវជ្រាវ និងពិសោធន៍វិទ្យាសាស្ត្រ។
កាលពីខែមេសាឆ្នាំមុន យាន SpaceX ដែលបានចាកចេញដោយដឹកសុទ្ធតែក្រុមអវកាសយានិកឯកជនទាំងអស់ដំបូងគេមិនធ្លាប់មាន បានបាញ់បង្ហោះទៅកាន់ស្ថានីយអវកាស ISS ដែលការបាញ់បង្ហោះនេះ ត្រូវបានសាទរដោយនាយកប្រតិបត្តិឧស្សាហកម្ម និង NASA ថា ជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការធ្វើពាណិជ្ជកម្មនៃគន្លងផែនដីទាប៕
