ភ្នំពេញ៖ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអះអាងថា កិច្ចសហប្រតិបត្តិការខ្សែក្រ វាត់មួយ-ផ្លូវមួយ រវាងកម្ពុជា-ចិន មិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរប៉ុណ្ណោះទេ និងបាន រួមចំណែកផ្ដលភាពវិជ្ជមាន សន្តិភាព និងវិបុលភាពដល់តំបន់ ហើយឥទ្ធិពលរបស់កម្ពុជា ក៏កំពុងត្រូវបាន លើកកម្ពស់ ទាំងក្នុងតំបន់ និងឆាកអន្តរជាតិ ។
ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសម្បកកង់រថយន្ត ដើម្បីអបអរសាទរខួបលើកទី ១០ នៃ “គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ-ផ្លូវមួយ” នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នៅថ្ងៃទី២២ ខែឧសភានេះ ឯកឧត្តម វ៉ាង វិនធាន បានលើកឡើងបញ្ជាក់ថា ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះប្រទេសទាំងពីរ បានប្រកាន់ខ្ជាប់នូវគោលគំនិត នៃការពិគ្រោះយោបល់រួមគ្នា ការកសាងរួមគ្នា និងចែករំលែករួមគ្នា ហើយការកសាងនូវខ្សែក្រវាត់មួយ-ផ្លូវមួយប្រកបដោយគុណភាពខ្ពស់ ហើយការបន្ស៊ីគ្នា នៃគំនិតខ្សែក្រ វាត់មួយ-ផ្លូវមួយ និងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជា មានភាពកាន់តែស៊ីជម្រៅ ។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា ក្នុងរយៈពេល១០ឆ្នាំមកនេះ ប្រទេសចិន បានជួយកម្ពុជា លើ គម្រោងសុខុមាលភាពជាច្រើន ដូចជាការអប់រំ ការថែទាំវេជ្ជសាស្ត្រ ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍជនបទ និងគម្រោងធំៗមួយចំនួនទៀត គឺមានពហុកីឡដ្ឋានជាតិមរតកតេជោ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ និងអាកាសយានដ្ឋានសៀមរាបអង្គរថ្មី ដែលនេះបង្ហាញពីកិច្ចសហប្រតិបត្តិការល្អ នៃខ្សែក្រវាត់មួយ-ផ្លូវមួយ រវាងប្រទេសទាំងពីរ ។
ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានបង្ហាញនូវការសប្បាយរីករាយ ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអាណត្តិទី៦នេះ សម្រេចបានដោយជោគជ័យនូវស្ថិរភាពនយោបាយសង្គមរក្សាបាននូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ក្នុងរយៈពេលច្រើនឆ្នាំជាប់ៗគ្នា និងសម្រេចជោគជ័យយ៉ាងមុតមាំលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បំពេញភារកិច្ចរបស់ប្រធានអាស៊ានឆ្នាំ២០២២ ប្រកបដោយកម្រិតខ្ពស់ និងបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ប្រកបដោយជោគជ័យយ៉ាងពេញលេញ ដែលសព្វថ្ងៃនេះ ទំនុកចិត្តរបស់ប្រជាជនកម្ពុជា កម្លាំងប្រមូលផ្ដុំ កំពុងកើនឡើងឥតឈប់ឈរ ហើយឥទ្ធិពលក្នុងតំបន់ និងឆាកអន្តរជាតិ ត្រូវបានលើកកម្ពស់យ៉ាងខ្លាំង ៕អត្ថបទ៖ បាន សុខរិទ្ធិ


