ភ្នំពេញ៖ប្រទេសកម្ពុជា អាចដណ្តើមមេដាយមាសបានច្រើនហួសពីការរំពឹងទុក ពីព្រឹត្តិការណ៍ស៊ីហ្គេមលើក ទី៣២ ឆ្នាំ២០២៣ គឺដោយសារកក្តាចិត្តសាស្រ្តកីឡាបានជំរុញខ្លាំង។ នេះបើតាមប្រសាសន៍ ឯឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMPAPGOC) ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយBTV នៅថ្ងៃទី២២ ខែឧសភា នេះ ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា តាមផ្លូវបច្ចេកទេស ប្រទេសកម្ពុជា រំពឹងទុកថា នឹងទទួលបានមេដាយមាសចំនួន៥០គ្រឿង ប៉ុន្តែលទ្ធផលជាក់ស្តែងប្រទេសកម្ពុជា ដណ្តើមបានមេដាយមាសចំនួន៨១គ្រឿង ហួសពីការរំពឹងទុក។
កត្តាដែលធ្វើឱ្យកម្ពុជាទទួលបានមេដាយមាសច្រើន មិនធ្លាប់មានពីមុនមកនេះ គឺដោយសារកត្តាចិត្តសាស្រ្តកីឡាជំរុញខ្លាំង ដែលទទួលបានការគាំទ្រពីថ្នាក់ដឹកនាំ សាច់ញាតិ និងមនុស្សជាទីស្រលាញ់ជាដើម។
ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬហៅថា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះលើកដំបូង ដោយរង់ចំាអស់រយៈ៦៤ឆ្នាំនោះ បានបិទបញ្ចប់ទៅដោយជោគជ័យ កាលពីថ្ងៃ ទី១៧ខែឧសភានេះ ។
ក្នុងព្រឹត្តិការណ៍នេះប្រទេសកម្ពុជា ដណ្តើមបានមេដាយសរុបចំនួន ២៨២គ្រឿង ក្នុងនោះរួមមាន មេដាយមាស ចំនួន៨១គ្រឿង ប្រាក់ ៧៤គ្រឿង និងសំរិទ្ធ ចំនួន១២៧គ្រឿង។ ចំនួនមេដាយ ដែលប្រទេសកម្ពុជាដណ្តើមបាននេះ ឈរលំដាប់ថ្នាក់លេខ៤ ក្នុងចំណោមប្រទេសទាំង១១ ដែល បានចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២៕អត្ថបទ៖ ទូច សោភ័ណ