មណ្ឌលគិរី ៖ នៅក្នុងប្រទេសកម្ពុជាមន្ត្រីជំនាញ បានវាយតម្លៃថា គម្របព្រៃឈើ នៅខេត្តមណ្ឌលគិរីកំពុងមានវត្តមានសត្វដំរីព្រៃរស់នៅច្រើនជាងគេ ខណៈដែលដំរីទាំងនោះ ជាប្រភេទដំរីអាស៊ី ហើយចំនួនរបស់ពួកវាក៏បាននិងកំពុងកើនឡើង ព្រោះតែមានការយកចិត្តទុកដាក់ពីមន្ត្រីជំនាញក្នុងការអភិរក្ស ។
លោក ហាន សុខន នាយកដែនជម្រកសត្វព្រៃកែវសីមា បានឲ្យដឹងថា សត្វដំរីព្រៃជាច្រើនហ្វូងកំពុងបំលាស់ទីនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ក្នុងមួយហ្វូងមានចំនួនចន្លោះពី០២ក្បាលទៅជាង១០ជាងក្បាល ហើយកាលដែលវាតែងតែចេញមកក្បែរភូមិប្រជាជនព្រោះស្វែងរកចំណី កន្លែងណាមានទឹក និងចំណីច្រើនគឺពួកវានៅទីនោះ ។ លោកនាយកដែនជម្រកសត្វព្រៃកែវសីមា បន្តថា ការដែលសត្វដំរីទាំងតែងចេញមកក្បែរភូមិប្រជាជន ព្រោះកន្លែងនោះជាជម្រកចាស់របស់វាតាំងពីមិនទាន់មានមនុស្សមករស់នៅម្ល៉េះ ហើយបច្ចុប្បន្នជម្រកជាច្រើនរបស់វាត្រូវមនុស្សមករំខានដូចជាការកាប់រានព្រៃយកដី និងបោះទីលំនៅជាបន្តបន្ទាប់ ។
លោក ហាន សុខន បានឲ្យដឹងទៀតថា មិនមែនតែសត្វដំរីព្រៃទេដែលតែងចេញមកជម្រកចាស់របស់ពួកវា ក្នុងនោះ សត្វព្រៃទាំងអស់ ពិសេសគឺសត្វធំៗដូចជា ខ្ទីង ទន្សោងជាដើម ក៏នឹងវិលប្រឡប់មកកន្លែងពួកវាធ្លាប់រស់នៅពីមុននៅថ្ងៃណាមួយ ប៉ុន្តែសោកស្ដាយដែលកន្លែងខ្លះត្រូវមនុស្សចូលបំពានពួកវា ។
ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភក៌ បានថ្លែងប្រាប់ទូរស័ព្ទថា សត្វដំរីព្រៃអាស៊ីនៅខេត្តមណ្ឌលគិរី មិនមានចំនួនថយចុះនោះទេ ពួកវាកំពុងរស់នៅក្នុងព្រៃបង្កាត់កូនចៅយ៉ាងសុខសាន្ត ហើយចំនួនរបស់ពួកវាអាចមានចន្លោះពី៣០០ក្បាលទៅ៤០០ក្បាល មានរស់នៅច្រើនក្នុងដែនជម្រកសត្វព្រៃកែវសីមា បន្ទាប់មកគឺដែនជម្រកសត្វព្រៃភ្នំព្រេច និងខ្លះទៀតរស់នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ។
អ្នកជំនាញ បានបញ្ជាក់ថា សត្វដំរីព្រៃមិនធ្វើបាបមនុស្សទេ ប្រសិនបើមនុស្សមិនប៉ះពាល់វា ក្នុងករណីមនុស្សទៅបាញ់វា ឬព្យាយាមធ្វើបាបពួកវា សត្វដំរីទាំងនោះនឹងតបត ។ ហើយហ្វូងរបស់សត្វដំរីនីមួយៗនៅដែនជម្រកសត្វព្រៃកែវសីមា ក៏មានឃើញកូនរបស់ពួកវាធ្វើដំណើរជាមួយផងដែរ បង្ហាញឲ្យឃើញថា មានកំណើនសត្វដំរី ឬក៏មិនមានការថយចុះទេ ឆ្នាំមុនដំរីព្រៃក៏បានចេញមកបង្កាត់ពូជជាមួយដំរីញីរបស់អ្នកស្រុកផងដែរ ៕
អ៊ិត ភីរុណ


