ភ្នំពេញ៖ គ.ជ.ប នឹងចាប់ផ្តើមចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត ជូនពលរដ្ឋមានឈ្មោះក្នុងបញ្ជីនាថ្ងៃទី២៨ ឧសភាខាងមុខ។
ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានប្រាប់BTV News បានឲ្យដឹងនៅថ្ងៃទី២២ ខែឧសភានេះថា បន្ទាប់ពីដំណើរការចុះបញ្ជីគណបក្សនយោបាយ និងការទទួលពាក្យបណ្តឹងជំទាស់ការចុះបញ្ជីគណបក្សនយោបាយបានបញ្ចប់ គ.ជ.ប ឈានដល់ដំណើរការផលិត និងចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនៅទូទាំងប្រទេស ដែលជាដំណាក់កាលមួយដ៏សំខាន់ជូនប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីមានព័ត៌មានគ្រប់គ្រាន់ និងត្រឹមត្រូវសម្រាប់ត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
ឯកឧត្តម ហង្ស ពុទ្ធា ថ្លែងថា គ.ជ.ប បានផលិតរួចរាល់បណ្ណព័ត៌មានអ្នកបោះឆ្នោតទៅតាមចំនួនប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជី ដើម្បីផ្តល់ជូនទៅប្រជាពលរដ្ឋទទួលបានព័ត៌មានបន្ថែមអំពីអត្តសញ្ញាណសាម៉ីខ្លួន លេខរៀង និងការិយាល័យបោះឆ្នោត។
ជាមួយគ្នានេះឯកឧត្តម ហង្ស ពុទ្ធា បានរម្លឹកថា បណ្ណព័ត៌មានអ្នកបោះឆ្នោតនេះមិនអាចប្រើប្រាស់សម្រាប់ការបោះឆ្នោតនោះទេ ដោយសារឯកសារចូលរួមបោះឆ្នោតមានតែអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរតែប៉ុណ្ណោះ។
ដំណើរការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ មានរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ដោយការចុះចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតតាមរយៈមេភូមិក្នុងមូលដ្ឋាននីមួយៗចុះចែកតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ៕





