យ៉ាងហោចណាស់មនុស្ស ១៥នាក់ បានស្លាប់ និងជាង ៣៦.០០០នាក់ ត្រូវបានបង្ខំឲ្យចាកចេញពីលំនៅឋានរបស់ខ្លួនដោយសារតែទឹកជំនន់ដ៏ធំ នៅភាគឦសាននៃប្រទេសអ៊ីតាលី ក្នុងសប្តាហ៍នេះ។

ភ្លៀងធ្លាក់យ៉ាងខ្លាំង បានបណ្តាលឲ្យមនុស្សជិត ២០.០០០នាក់ គ្មានអគ្គិសនីប្រើប្រាស់ ហើយមនុស្សជាច្រើន បានបោះចោលសម្ភារៈប្រើប្រាស់ដែលត្រូវបានបំផ្លាញដោយភក់ល្បប់។ ផ្លូវនានា នៅ Forlì ដែលជាទីក្រុងមួយ ក្នុងចំណោមទីក្រុងនៃក្នុងតំបន់ Emilia Romagna ដែលរងការវាយប្រហារដោយទឹកជំនន់ ឥឡូវនេះ បានបង្ហាញឲ្យឃើញទ្រព្យសម្បត្តិរបស់ប្រជាជន ដែលមិនអាចប្រើប្រាស់ទៀតបាន រួមមានសាឡុង កៅអី ទូរទស្សន៍ ពូក ស៊ុមគ្រែ និងទូដាក់ចានជាដើម។

អ្នកស្រុកម្នាក់បានប្រាប់សារព័ត៌មាន The Mirror ថា បន្ទាប់ពីគ្រោះទឹកជំនន់ដ៏អាក្រក់ ដែលបានជំរុញឲ្យមានការប្រកាសអាសន្នពណ៌ក្រហម នៅក្នុងតំបន់នោះ ប្រជាជននៅក្នុងតំបន់ និងអ្នកឯទៀត នៅក្នុងទីក្រុង និងទីប្រជុំជននានា បានបង្ហាញពីសាមគ្គីភាពរបស់ពួកគេ តាមរយៈការជួយអ្នកដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរនេះ។
ប្រភពដដែលបានបន្តថា៖ «ប្រជាជនទាំងអស់ ខំអស់ពីសមត្ថភាពដើម្បីជួយសង្គ្រោះ ពោលគឺមានការសាមគ្គីគ្នាយ៉ាងខ្លាំង។ បើទោះក្នុងស្ថានភាពធ្ងន់ធ្ងរបែបនេះ ក៏អ្នករាល់គ្នាមានឆន្ទៈជួយគ្នាដែរ។ ថ្ងៃនេះ អ្នកស្ម័គ្រចិត្ត កំពុងបរិច្ចាគស្បែកជើងកវែង និងប៉ែល ហើយមនុស្សជាច្រើនកំពុងចូលរួមកិច្ចប្រឹងប្រែងនេះ ដើម្បីយកល្បាប់ភក់ចេញពីផ្ទះប្រជាជន និងពីផ្លូវ»។
រូបភាពដ៏រំជើបរំជួលមួយ ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ដោយនគរបាលរដ្ឋអ៊ីតាលី បានបង្ហាញឲ្យឃើញពីកុមារម្នាក់ត្រូវបានជួយសង្គ្រោះចេញពីភក់ ក្នុងអំឡុងកិច្ចប្រឹងប្រែងជួយសង្គ្រោះ នៅទីក្រុង Massa Lombarda ដែលជាសហគមន៍មួយ ក្នុងខេត្ត Ravenna។
នគរបាល បានបង្ហោះសារថា៖ «ឥឡូវនេះ កុមារម្នាក់មានសុវត្ថិភាព នៅក្នុងដៃរបស់នគរបាលស្រីម្នាក់ មកពីអង្គភាពចល័ត ដែលបានមកដល់ ដើម្បីជួយប្រជាពលរដ្ឋនៅទំបន់ Emilia Romagna។ រូបភាពដែលបានផ្តល់ក្តីសង្ឃឹមឲ្យយើង ជាមួយនឹងក្តីប្រាថ្នាថា ពួកយើងនឹងអាចត្រឡប់ទៅរស់នៅជាមួយភាពស្ងប់ស្ងាត់ ក្នុងពេលឆាប់ៗនេះវិញ»៕