
វីដេអូឃ្លីបរបស់សាក្សីថតបានសំណុំផេះដ៏ក្រាស់ពីភ្នំភ្លើង Popocatepetl គ្របដណ្តប់លើទីក្រុង Puebla City ស្ថិតនៅភាគកណ្តាលប្រទេសម៉ិកស៊ិក ។
ភ្នំភ្លើង Popocatepetl ដែលមានចម្ងាយប្រហែល ៧២គ.មភាគអាគ្នេយ៍ទីក្រុងម៉ិកស៊ិកូស៊ីធី បានកម្រើកចាប់តាំងពីឆ្នាំ ១៩៩៤រហូតមក ហើយត្រូវបានតាមដានយ៉ាងដិតដល់ដោយក្រុមអ្នកវិទ្យាសាស្ត្រ ដោយសារតែវាអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋរាប់លាននាក់ដែលរស់នៅក្បែរនោះ ។ នៅដើមសប្តាហ៍នេះ ទីក្រុងជាច្រើន បានបិទសាលារៀន ដោយសារតែផេះភ្នំភ្លើង ។
អាកាសយានដ្ឋានអន្តរជាតិ Benito Juarez ស្ថិតនៅក្នុងទីក្រុង Mexico City បានផ្អាកប្រតិបត្តិការរបស់ខ្លួនរយៈពេលជាង ៥ម៉ោងកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ។ ជើងហោះហើរជាច្រើនវ៉ុល ត្រូវបានពន្យាពេល ហើយជើងហោះហើរផ្សេងទៀត ត្រូវបានលុបចោល ។
ផេះធ្លាក់លាយឡំនឹងឧស្ម័នព្រួសចេញពីបន្ទុះភ្នំភ្លើង អាចបង្កគ្រោះថ្នាក់ ពេលដែលមនុស្សដកដង្ហើមស្រូបចូលក្នុងខ្លួន ហើយសេនារីយោពីករណីធ្ងន់ធ្ងរបំផុត អាចតម្រូវឲ្យមានការជម្លៀសខ្លួនមនុស្សទ្រង់ទ្រាយធំ ៕
