
កាលពីថ្ងៃអាទិត្យម្សិលមិញ លោកប្រធានាធិបតី Volodymyr Zelenskiy បានប្រៀបប្រដូចការបំផ្លិចបំផ្លាញនៅទីក្រុង Hiroshima របស់ជប៉ុន អំឡុងសង្គ្រាមលោកលើកទី២ទៅនឹងការខូចខាតដែលត្រូវបានមើលឃើញនៅក្នុងទីក្រុង Bakhmutរបស់អ៊ុយក្រែន។
កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ រុស្ស៊ី បានប្រកាសថា ពួកគេបានដណ្តើមគ្រប់គ្រងទីក្រុងភាគខាងកើតមួយនេះ ដែលស្ថិតក្នុងសង្គ្រាមបង្ហូរឈាមគ្នាដ៏ខ្លាំងក្លា និងយូរបំផុត។
ទោះបីជាយ៉ាងណាក៏ដោយ ពេលដែលលោកស្ថិតនៅក្នុងប្រទេសជប៉ុនសម្រាប់ចូលរួមកិច្ចប្រជុំក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ G7 លោក Zelenskiy បានធ្វើការច្រានចោលអំណះអំណាងបែបនេះ ។ លោកនិយាយថា នៅថ្ងៃនេះពួកគេនៅទីក្រុង Bakhmut។ កន្លែងពិតប្រាកដ ខ្ញុំនឹងមិននិយាយប្រាប់អ្នកទេ ។ ប៉ុន្តែនេះមានន័យថា ទីក្រុង Bakhmut ពុំត្រូវបានច្បាំងដណ្តើមបានដោយសហព័ន្ធរុស្ស៊ីនៅថ្ងៃនេះនោះទេ ។ ពួកយើងមិនអាចបកស្រាយអ្វីច្រើនលើសពីនេះបានទេ។
នៅទីក្រុង Hiroshima ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានដាក់បាច់ផ្កានៅផ្នូរឧទ្ទិសដល់ជនរងគ្រោះដោយសារការទម្លាក់គ្រាប់បែកបរមាណូលើកដំបូងរបស់ពិភពលោកលើទីក្រុងមួយនេះ ៕