
ការសិក្សាថ្មីព្រមានថា វិបត្តិអាកាសធាតុ អាចនឹងធ្វើឲ្យមនុស្សជាង ២ពាន់លាននាក់ ស្ថិតក្នុងស្ថានភាពក្តៅដ៏គ្រោះថ្នាក់ ក្នុងនោះប្រទេសមួយចំនួន នឹងក្តៅបំផុតពិបាកឲ្យមនុស្សរស់នៅបាន។
ការសិក្សាស្រាវជ្រាវថ្មីធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានប្រព័ន្ធសកលលោកនៅសាកលវិទ្យាល័យ Exeter និងសាកលវិទ្យាល័យ Nanjing ដែលបានបញ្ចេញឲ្យដឹងនៅថ្ងៃចន្ទនេះ បង្ហាញថា ប្រហែល ២២ភាគរយនៃចំនួនប្រជាពលរដ្ឋពិភពលោកដែលបានព្យាករណ៍ទុកនៅដំណាចសតវត្សរ៍នេះ នឹងរងផលប៉ះពាល់ដោយសារតែកម្តៅ ។
ពួកគេបានធ្វើការសង្កត់ធ្ងន់ថា ស្ថានភាពអាកាសធាតុជាក់លាក់ ដែលមានប្រវត្តិទ្រទ្រង់ការរស់នៅរបស់មនុស្ស កំពុងរួញខោចកាន់តែខ្លាំងយ៉ាងឆាបរហ័ស ដោយសារតែកម្តៅផែនដី ជាពិសេសនៅតំបន់រងផលប៉ះពាល់មានការបំភាញឧស្ម័នកាបូនតិចកាន់តែច្រើន។
ការសិក្សា បានលើកឡើងថា ១ភាគ៦នៃចំនួនមនុស្សលោកប្រមាណជា ១ពាន់លាននាក់ អាចនឹងត្រូវសង្គ្រោះពីផលប៉ះពាល់នៃកម្តៅដ៏គ្រោះថ្នាក់ បើសិនជាប្រទេសលើពិភពលោក អាចទប់ស្កាត់រក្សាកម្តៅផែនដីត្រឹម ១,៥អង្សាសេ ដែលជាគោលដៅសំខាន់មាននៅក្នុងកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៥ ប្រទេសជិត ២០០ប្រទេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រុងប៉ារីស ដោយពួកគេ ព្រមព្រៀងគ្រប់គ្រងការឡើងសីតុណ្ហភាពសកលលោកត្រឹម ១,៥អង្សាសេ ឬ ច្រើនបំផុត ២អង្សាសេរ ពីលើកម្រិតបុរឧស្សាហកម្ម៕
