
ប្រទេសប៉ាពួនូវ៉ែលហ្គីណេ បានចុះកិច្ចព្រមព្រៀងការពារជាតិជាមួយសហរដ្ឋអាមេរិក នៅថ្ងៃចន្ទ (ទី២២ ខែឧសភា)នេះ ដោយផ្តល់សិទ្ធិឲ្យកងកម្លាំងសហរដ្ឋអាមេរិកចូលទៅកាន់អាកាសយានដ្ឋាន និងកំពង់ផែរបស់ខ្លួនបាន ខណៈដែលទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើការប្រជែងនឹងការពង្រីកឥទ្ធិពលរបស់ប្រទេសចិន នៅក្នុងតំបន់ប៉ាស៊ីហ្វិក។
ទីក្រុងវ៉ាស៊ីនតោនមានការបារម្ភកាន់តែខ្លាំងឡើងអំពីការបង្កើនឥទ្ធិពលកាន់តែខ្លាំងឡើងៗរបស់ប្រទេសចិន នៅក្នុងតំបន់ប៉ាស៊ីហ្វិក ដែលខ្លួនកំពុងព្យាយាមទាក់ទាញប្រទេសនានាជាមួយនឹងការលើកទឹកចិត្តផ្នែកការទូត និងហិរញ្ញវត្ថុ ដើម្បីជាថ្នូរនឹងការគាំទ្រជាយុទ្ធសាស្ត្រ។
រដ្ឋមន្ត្រីការពារជាតិ លោក Win Bakri Daki បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken មុនពេលចាប់ផ្តើមកិច្ចប្រជុំរបស់សហរដ្ឋអាមេរិកជាមួយមេដឹកនាំនៃរដ្ឋកោះប៉ាស៊ីហ្វិកខាងត្បូងចំនួន ១៤ នៅរដ្ឋធានីព័រម៉ូរេសប៊ី (Port Moresby)។
នាយករដ្ឋមន្ត្រី លោក James Marape បានថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះថា៖ «កិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិ ត្រូវបានលេចរូបរាងហើយ»។ លោកនាយករដ្ឋមន្ត្រី បានបន្ថែមថា កោះប៉ាស៊ីហ្វិកកំពុង «លើកកម្ពស់» ទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។
លោក Blinken បាននិយាយថា ប្រទេសទាំងពីរ នឹងអាចឡើងលើនាវារបស់ភាគីម្ខាងទៀត ចែករំលែកជំនាញបច្ចេកទេស និងធ្វើការល្បាតកាន់តែប្រសើរឡើង នៅតាមសមុទ្រជាមួយគ្នា។
លោករដ្ឋមន្ត្រីការបរទេសរូបនេះ បាននិយាយថា៖ «យើងកំពុងធ្វើការជាមួយគ្នា ដើម្បីរៀបចំអនាគត។
យើងទន្ទឹងរង់ចាំយ៉ាងខ្លាំង ក្នុងការនាំយកភាពជាដៃគូរបស់យើងទៅកាន់កម្រិតមួយបន្ទាប់»៕