រុស្ស៊ី៖ រុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងប្រយុទ្ធប្រឆាំងការវាយលុកឆ្លងកាត់ព្រំដែនដោយក្រុមវិច្ឆេទករដែលបានវាយឆ្លងកាត់ព្រំដែនពីប្រទេសអ៊ុយក្រែន ក្នុងអ្វីដែលបានបង្ហាញថាជាការវាយប្រហារមួយក្នុងចំណោមការវាយប្រហារធំបំផុតនៃនៃប្រតិបត្តិការរបស់ខ្លួន ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមរយៈពេល១៥ខែមកនេះ។

អភិបាលតំបន់ Belgorod របស់រុស្ស៊ី លោក Vyacheslav Gladkovបាននិយាយថា ក្រុមវិច្ឆទកររបស់អ៊ុយក្រែន បានចូលមកដែនដីរុស្ស៊ីក្នុងស្រុក Graivoron ជាប់ព្រំដែនអ៊ុយក្រែន ហើយកំពុងត្រូវបានវាយរុញទៅ វិញ។
ប៉ុន្តែសារព័ត៌មានអ៊ុយក្រែន Hromadske បានដកស្រង់សម្តី ចារកម្មយោធាអ៊ុយក្រែនដែលបាននិយាយថា ក្រុមប្រឆាំងប្រដាប់អាវុធរុស្ស៊ី២ក្រុមគឺក្រុមសេរីភាពរុស្ស៊ី និងក្រុមស្ម័ក្រចិត្តរុស្ស៊ី ទាំង២ក្រុមនេះ មានពលរដ្ឋរុស្ស៊ី បានទទួលខុសត្រូវសម្រាប់ការវាយប្រហារ។

ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បាននិយាយនៅលើបណ្តាញ Twitter ថា រដ្ឋាភិបាលទីក្រុងគីវ កំពុងតាមដានស្ថានភាពដោយយកចិត្តទុកដាក់ ប៉ុន្តែពុំបានធ្វើឣ្វីពាក់ព័ន្ធនឹងរឿងនេះនោះទេ។
ក្រុមអ្នកស្ម័ក្រចិត្តរុស្ស៊ី បានចេញផ្សាយវីដេអូកាលពីល្ងាចថ្ងៃចន្ទ បានបង្ហាញនូវអ្វីដែលខ្លួនបាននិយាយថាអ្នកប្រយុទ្ធម្នាក់កំពុងពិនិត្យរថពាសដែកដែលត្រូវបានរឹបអូស។ ហើយវីដេអូមួយផ្សេងទៀត បានបង្ហាញនូវអ្វីដែលខ្លួននិយាយថាក្រុមអ្នកប្រយុទ្ធកំពុងធ្វើប្រតិបត្តិការដោយរថពាសដែកមួយគ្រឿងនៅលើដងផ្លូវ៕