
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានលើកឡើងពីស្ថានភាពនៃជំងឺកូវីដ-១៩នៅភ្នំពេញ ប្រាប់ទៅកាន់ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងអភិបាលរដ្ឋធានីវៀងចន្ទន៍ ខណៈដែលទីក្រុងទាំង៣បានប្រជុំត្រីភាគីក្នុងការចែករំលែកបទពិសោធន៍ ដើម្បីយកឈ្នះលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ទីក្រុងភ្នំពេញ ទីក្រុងហូជីមិញ និងវៀងចន្ទន៍ ក្នុងការប្រមូលផ្តុំនូវកម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ដើម្បីយកឈ្នះលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ។ ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា និងរាជធានីភ្នំពេញ គឺកម្ពុជាបានរកឃើញជំងឺកូវីដ-១៩ដំបូង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ហើយក្នុងរយៈពេលស្ទើរតែពេញមួយឆ្នាំ២០២០ ជំងឺនេះ មិនបានឆ្លងចូលក្នុងសហគមន៍ឡើយ គឺមានតែការនាំចូលពីក្រៅប្រទេសតិចតួច។ ប៉ុន្តែក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ មក ជំងឺកូវីដ-១៩បានផ្ទុះរាលដាលចូលក្នុងសហគមន៍ជាបន្តបន្ទាប់ មានជាព្រឹត្តិការណ៍សហគមន៍ ៣ វិច្ឆិកា ២០២០ និងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ២០២០ ហើយព្រឹត្តិការណ៍ទាំង២បានបិទបញ្ចប់ដោយជោគជ័យ។
ឯកឧត្ដម ឃួង ស្រេង បញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ គឺជាដំណាក់កាលដ៏ស្រួចស្រាល ប្រៀបដូចជារលកទី៣នៃការផ្ទុះរាលដាលជំងឺកូវីដ-១៩ ដែលជាប្រភេទវីរុសបំឡែងខ្លួនថ្មី ដោយផ្តើមចេញដំបូងពីការឆ្លងនៅក្នុងចំណោមអ្នករស់នៅតាមអគារខុនដូរក្នុងរាជធានីភ្នំពេញ ហើយក្រោយមកបានឆ្លងចូលទៅក្នុងក្រុមប្រជាពលរដ្ឋប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នករត់ម៉ូតូឌុប អ្នកបើកបររថយន្តតាក់ស៊ី អ្នកលក់ដូរចល័ត ។ល។ និងបានឆ្លងបន្តចូលទៅក្នុងតំបន់រោងចក្រ និងផ្សារ ដែលជាហេតុធ្វើឱ្យស្ថានភាពជំងឺកូវីដ-១៩ កាន់តែមានភាពស្មុគស្មាញ និងពិបាកកំណត់ប្រភពចម្លង។ បើគិតពីពេលផ្ទុះការឆ្លងរាលដាល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ រហូតមកដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ស្ថានភាពជំងឺកូវីដ ១៩ នៅប្រទេសកម្ពុជា បានរកឃើញករណឺវិជ្ជមានចំនួន ១៧.៦២១ នាក់ ក្នុងនោះ នៅរាជធានីភ្នំពេញ មានអ្នកវិជ្ជមានចំនួន ១១.៨៦៦ នាក់ ស្មើនឹង ៦៧% នៃចំនួនអ្នកឆ្លងទូទាំងប្រទេសកម្ពុជា រួមមានជនជាតិខ្មែរ ១១.៤០១ នាក់ និងជនបរទេស ៤៦៥ នាក់ ស្មើនឹង ១១ សញ្ជាតិ។
ឯកឧត្ដម ឃួង ស្រេង បន្តថា ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១ គឺបានអនុវត្តការងារចំនួន៣សំខាន់ទី១ វិធានការរដ្ឋបាល។ ២.វិធានការសុខាភិបាល និងទី៣វិធានការគាំពារសង្គម។
នាកិច្ចប្រជុំត្រីភាគីនោះដែរ អភិបាលរាជធានីភ្នំពេញ បានសំណូមពរ ក្រុងហូជីមិញ និងក្រុងវៀងចន្ទន៍ ក្រោយពេលដែលវិបត្តិនេះត្រូវបានបញ្ចប់ សូមឱ្យប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុងហូជីមិញ និងលោក អភិបាលរដ្ឋធានីវៀងចន្ទន៍ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែស៊ីជម្រៅលើគ្រប់វិស័យថែមទៀត ដើម្បីជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការស្តារវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ជាពិសេសពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការទៅក្នុងវិស័យសុខាភិបាល និងការលើកកម្ពស់សុខុមាលភាពសាធារណៈឱ្យកាន់តែទូលំទូលាយ សំដៅរួមគ្នាទប់ស្កាត់បញ្ហាសកល ដែលអាចកើតមាននាពេលអនាគត ដូចក្នុងករណីដែលយើងកំពុងប្រឈមមុខសព្វថ្ងៃនេះ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា



