ភ្នំពេញ៖ សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលបានកំពុងធ្វើមន្ទីរពេទ្យថ្នាក់ជាតិមួយទៀត ដែលមានលទ្ធភាព ទទួលអ្នកជំងឺបានរហូតដល់១ម៉ឺនគ្រែ ខណៈសាងសង់នូវមន្ទីរពេទ្យនេះ ក៏ជិតរួចរាល់ហើយផងដែរ។
ថ្លែងនៅក្នុងឱកាស អញ្ជើញជាអធិបតីសម្ភោធជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រដ្ឋបានកំពុងនឹងធ្វើមន្ទីរពេទ្យថ្នាក់ជាតិនៅជាយក្រុងរាជធានីភ្នំពេញមួយទៀត ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀត ក្នុងការបម្រើសេវាសុខភាពដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ការធ្វើទំនើបកម្មមន្ទីរពេទ្យជាបន្តបន្ទាប់នេះគឺសម្រាប់ផ្ដល់សេវាសុខាភិបាលដែលកាន់តែមានតម្រូវការខ្ពស់ជូនប្រជាជនក្នុងប្រទេសផង និងផ្ដល់ទំនុកចិត្តចំពោះអ្នកការទូត វិនិយោគគិន និងភ្ញៀវទេសចរណ៍អន្តរជាតិដែលមកប្រទេសកម្ពុជាផងដែរ៕អត្ថបទ៖ បាន ចក់
