ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានសំណូមពរចំពោះក្រុមគ្រូពេទ្យ និងនិស្សិតដែលកំពុងធ្វើកម្មសិក្សា និងកំពុងរៀន ត្រូវចាំថា ធ្វើគ្រូពេទ្យ គឺដើម្បីសង្គ្រោះជីវិតមនុស្ស ហើយសម្ដេចសង្ឃឹមថា គ្រូពេទ្យឬចៅៗ ដែលជាកម្មសិក្សាត្រូវដាក់ចិត្តដាក់កាយ ហើយត្រៀមខ្លួនបម្រើប្រជាជន សង្គ្រោះជីវិតប្រជាជន។
សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ផ្តាំផ្ញើបែបនេះ ខណៈសម្តេចរួមជាមួយ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ«អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី២៣ ខែឧសភា នេះ ។
ជាមួយនឹងការកោតសរសើរដល់ក្រុមគ្រូពេទ្យដែលបានលះបង់យកចិត្តទុកដាក់សង្គ្រោះព្យាលអ្នកជំងឺសម្តេច ក៏បានយកឱកាសនេះ អំពាវនាវបន្ថែមដល់ក្រុមគ្រូពេទ្យឲ្យយកការបម្រើប្រជាជនធ្វើជាស្នូល ធ្វើជាគោលដៅនៃការធ្វើសកម្មភាព។
សម្ដេចបានបញ្ជាក់បន្ថែមថា បច្ចេកទេសគឺត្រូវតែមានការគ្រប់គ្រងដោយក្រុមសីលធម៌មួយជាចាំបាច់។ សម្ដេចបានផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យ រួមទាំងសិស្សកម្មសិក្សាទាំងអស់ត្រូវបន្តការលើកកម្ពស់សមត្ថភាព សម្រាប់ការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ដែលមាននៅក្នុងមន្ទីរពេទ្យព្រោះនៅពេលនេះគឺជាសម័យ ការធ្វើទំនើបកម្មកាន់តែខ្ពស់ ដែលទាមទារឲ្យ គ្រូពេទ្យរបស់យើងធ្វើការស្រាវជ្រាវនិងរៀនសូត្រ ប្រើប្រាស់នូវឧបករណ៍ទាំងនោះឲ្យបានព្រោះយើងបានទិញមកសុទ្ធតែទំនើបៗ ប៉ុន្តែប្រសិនបើយើងមិនចេះប្រើវាគឺស្មើនឹងអត់។អ៊ីចឹងទេនៅពេលគេមកបំពាក់សំភារៈ ទំនើបៗនោះគឺសុទ្ធតែមានអ្នកបច្ចេកទេសរបស់គេ មកបង្ហាត់បង្រៀន ដែលតម្រូវឲ្យយើងត្រូវចេះប្រើប្រាស់វាឲ្យបានត្រឹមត្រូវ៕





