ភ្នំពេញ៖ បណ្ណមូលនិធិសមធម៌សុខាភិបាល ដែលក្រុមការងារសាលារាជធានីភ្នំពេញ សហការជាមួយក្រុមការងារគណៈកម្មការផ្សាររដ្ឋទាំង២៥ នៅរាជធានីភ្នំពេញ ក្នុងការចែកជូនពលរដ្ឋ ជាអាជីវករលក់ដូរមានកម្រិតជីវភាពនៅខ្វះខាតនោះ គឺនឹងត្រូវចែកជូនពួកគាត់បានអស់១០០ភាគរយ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ នេះបើតាមការបញ្ជាក់អោយដឹងពីក្រុមការងារចុះអនុវត្តការផ្តល់បណ្ណជូនពលរដ្ឋដោយផ្ទាល់ ។
ដំណើរការនៃការចុះផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាលនេះ បានធ្វើឡើងតាំងពីថ្ងៃ២០ ខែឧសភា ឆ្នាំ២០២៣មកម្លេះ ។
បណ្ណមូលនិធិសមធម៌សុខាភិបាលនេះ គឺចែកជូនក្រុមអាជីវករមានជីវភាពខ្វះខាត ក្នុងគោលដៅសម្រាប់ការប្រើប្រាស់លើការទៅពិនិត្យព្យាបាលជម្ងឺ និងថែទាំសុខភាព នៅតាមមន្ទីរពេទ្យបង្អែក ឬមន្ទីរពេទ្យរដ្ឋទាំងអស់ ដោយពុំគិតប្រាក់នោះឡើយ ។
ក្រុមអាជីវករ បានបង្ហាញអារម្មណ៍ និងទឹកចិត្តយល់ឃើញថា ការដែលរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធររាជធានី និងគណៈកម្មការផ្សារ បានជួយគិតគូរយកចិត្តទុកដាក់ក្នុងការផ្តល់ជូនពួកគាត់ទាំងអស់គ្នានូវបណ្ណមូលនិធិសមធម៌សុខាភិបាលនៅពេលនេះ គឺបានចូលរួមសម្រួលដល់ការកាត់បន្ថយការចំណាយប្រាក់កាសរបស់ពលរដ្ឋទាំងអស់គ្នា ក្នុងការពិនិត្យ ថែទាំ និងព្យាបាលជម្ងឺជាដើម ។
អាជីវករ បន្តថា ពួកគាត់ពិតជាមានក្តីរំភើបរីករាយសប្បាយចិត្តជាខ្លាំងបំផុតចំពោះការដែលពួកគាត់អាចមានឱកាសទទួលបានបណ្ណនេះ យកមកប្រើប្រាស់លើវិស័យសុខាភិបាល ព្រោះពួកគាត់ជាអ្នកលក់ដូរតាមកញ្ច្រែង ល្អី ដែលមានកម្រិតជីវភាពនៅខ្វះមុខក្រោយប៉ុណ្ណោះ មិនមានប្រាក់កាសច្រើនគ្រប់គ្រាន់សម្រាប់ពិនិត្យព្យាបាលជម្ងឺឈឺស្កាត់ម្តងៗនោះទេ អញ្ចឹងហើយនៅពេលពួកគាត់ទទួលបានបណ្ណនេះ គឺវាពិជាការប្រសើរបំផុតសម្រាប់ពួកគាត់គ្រប់ៗគ្នា ។
សូមបញ្ជាក់ថា បណ្ណមូលនិធិសមធម៌សុខាភិបាល ដែលនឹងត្រូវផ្តល់ជូនពលរដ្ឋជាអាជីវករលក់ដូរនៅផ្សារទាំង២៥ ក្នុងរាជធានី ដែលមានកម្រិតជីវភាពនៅខ្វះខាត មានសរុបចំនួន ៤,៤១៤បណ្ណ ដែលនឹងត្រូវផ្តល់ជូនពួកគាត់ជាបន្តបន្ទាប់រហូតទាល់តែអស់គ្នានៅក្នុងថ្ងៃនេះតែម្តង ៕








