
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានកោតសរសើរចំពោះផលិតផលកែវភ្នែកសិប្បនិម្មិតរបស់ប្រទេសជប៉ុន ដែលបានផ្ដល់ជូនសម្ដេចប្រើប្រាស់អស់រយៈពេលជាង ៣០ ឆ្នាំហើយ មិនដែលបង្កបង្ហាញណាមួយដល់សុខភាពសម្ដេចឡើយ ដូច្នេះសម្ដេចតេជោចង់ឱ្យមិត្តជប៉ុនជួយកម្ពុជាក្នុងការបង្កើតកន្លែងផលិតកែវផ្នែកសិប្បនិម្មិតនេះនៅកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសសម្ដេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះ។
សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពគ្រូពេទ្យនៅមន្ទីរពេទ្យ កាល់ម៉ែត ដែលមានសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបនៅក្នុងវិស័យសុខាភិបាល។ ប៉ុន្ដែសម្ដេចតេជោ បន្តជំរុញឱ្យក្រុមគ្រូពេទ្យខិតខំអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតលើការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់វិស័យសុខាភិបាលនេះ ដើម្បីឈានទៅព្យាបាល និងសង្គ្រោះប្រជាជនប្រកបដោយប្រសិទ្ធភាពខ្ពស់។
សម្ដេចតេជោ ក៏បានណែនាំដល់គ្រប់ស្ថាប័នត្រៀមខ្លួនក្នុងការកសាងសមិទ្ធផលនានាដោយខ្លួនឯង កុំចាំតែជំនួយបរទេស ឬកម្ចីពីប្រទេសដទៃ។ សម្ដេចតេជោ បញ្ជាក់ថា កម្ពុជាក្រ ប៉ុន្ដែមិនក្រទាំងចិត្តនោះទេ។ សម្ដេចតេជោ បានបញ្ជាក់ថា វិស័យឯកជននៅក្នុងប្រទេសកម្ពុជា ក៏បានចូលរួមចំណែកជាច្រើនក្នុងការជួយដល់រាជរដ្ឋាភិបាល និងប្រជាជនទាំងវិស័យសុខាភិបាល ការងារ និងវិស័យជាច្រើនទៀត៕អត្ថបទ៖ វ៉ន ដារ៉ា