ភ្នំពេញ៖ កីឡាករពិការជើង វ័យជាង ៥០ឆ្នាំចំនួន២រូប បង្ហាញការសប្បាយចិត្តជាខ្លាំង កំឡុងពេលហ្វឹកហាត់ត្រៀមសម្រាប់អាស៊ានប៉ារ៉ាហ្គេម។ ភាពសប្បាយចិត្តនេះ គឺដោយសារតែ ការចូលរួមប្រកួតនៅកម្ពុជានេះ ជាក្ដីបំណងធំក្នុងអាជីពជាកីឡាកររបស់ខ្លួន តាំងពីចាប់ផ្ដើមមកម្ល៉េះ។
កីឡាករពិការជើង វ័យចំណាស់ចំនួន ២រូប បានចូលហ្វឹកហាត់ជាថ្មី សម្រាប់ចូលរួមប្រកួតក្នុងការរត់ចម្ងាយនៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនាដើមខែក្រោយនេះ។ កីឡាករទី១ គឺលោក សាន ម៉ៅ វ័យ ៥៧ឆ្នាំ រីឯកីឡាករទី២ គឺលោក ឈឹម វាសនា អាយុ ៥១ ឆ្នាំ ពួកគេទាំងពីរសុទ្ធតែពិការជើងម្ខាងដូចគ្នា។
លោក សាន ម៉ៅ ជាកីឡាករចាប់ផ្ដើមអាជីពតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ បានលើកឡើងថា លោកពិតជារំភើបជាខ្លាំង ព្រោះលោកគិតថា ខ្លួនចាស់ទៅហើយ មិនអាចចូលរួមប្រកួតក្នុងនាមជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣នេះបានទេ។ ពេលនេះលោកអាចធ្វើវាបាន លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការប្រកួតខាងមុខនេះ ហើយលោកក៏នឹងបញ្ចប់អាជីពជាកីឡាករ ក្រោយបញ្ចប់អាស៊ានប៉ារ៉ាហ្គេមនេះផងដែរ។
លើកឡើងស្រដៀងគ្នាផងដែរលោក ឈឹម វាសនា ក៏សប្បាយចិត្តជាខ្លាំង ដែលអាចសម្រេចបំណងធំ គឺចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកថា វ័យចំណាស់ ពុំមែនជាឧបសគ្គសម្រាប់លោកនោះទេ ទោះចាញ់រឺឈ្នះ គឺលោកនឹងងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។
ការរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ក៏ដូចជាអាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ ២០២៣នេះ ជាឆ្នាំ ដំបូងដែលកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍ស៊ីហ្គេម បានបញ្ចប់ទៅដោយជោគជ័យ រីឯអាស៊ានប៉ារ៉ាហ្គេម ត្រៀមនឹងចាប់ផ្ដើម នៅថ្ងៃទី ៣ មិថុនាដល់ថ្ងៃទី ៩ មិថុនា ខាងមុខ។ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម មានការប្រកួតដណ្ដើមមេដាយលើប្រភេទកីឡាចំនួន ១៣ ហើយក៏មានប្រភេទកីឡាបង្ហាញចំនួន ១ផងដែរ៕ អត្ថបទ៖ គឹមហុក