កណ្ដាល៖ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមុខកំពូល ខេត្តកណ្តាល បានមានប្រសាសន៍ថា ភាពចាំបាច់ នៃការអភិវឌ្ឍមូលធនមនុស្ស ដំណើរការអភិវឌ្ឍគឺស្ថិតក្នុងរយៈពេល២០ឆ្នាំ តទៅមុខទៀត។
ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍បែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា និងសមិទ្ធផលនានា ស្ថិតនៅក្នុងសាលាបឋមសិក្សា រកា កោង ស្ថិតក្នុងឃុំរកាកោងទី១ ស្រុកមុខ កំពូល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ឧសភា។
អគារសិក្សា និងសមិទ្ធផលទាំងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមមាន អគារសិក្សាចំនួន ០២ខ្នង មាន ១៧បន្ទប់ អគារទីចាត់ការ ០១ខ្នង ខ្លោងទ្វារ ដងទង់ជាតិ បង្គន់អនាម័យ កន្លែងលាងដៃ ផ្លូវបេតុងក្នុងទីធ្លាសាលា ០៤ខ្សែ ប្រវែង ១,១៨២ម៉ែត្រ និងរបងប្រវែង ១៥៨ម៉ែត្រ។
ឯកឧត្តម វង្សី វិស្សុត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចទាំងពីរ ជូនចំពោះលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋឃុំរកោកោងទី១ ស្រុកមុខកំពូលទាំងអស់។ ឯកឧត្តម មានប្រសាសន៍ ថា ក្រៅពី អគារសិក្សា និងសមិទ្ធផលនានា ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ, ឃុំ រកាកោងទី១ នៃស្រុកមុខកំពូល ក៏ទទួលបាននូវសមិទ្ធផលជាច្រើនផ្សេងទៀតផងដែរ ដូចជា៖ ផ្លូវកៅស៊ូ, ផ្លូវបេតុង, ផ្លូវក្រាលគ្រួសក្រហម, ស្ពាន, ប្រឡាយ, សាលារៀន, មន្ទីរពេទ្យ និងគម្រោង ការពារ ច្រាំងទន្លេជាដើម ដែលឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈ ស្នាមញញឹម, របស់របរនិង មធ្យោបាយប្រើប្រាស់, ការស្លៀកពាក់ និងការហូបចុកជាដើម ពោលគឺ មិនមែនកាន់តែក្រទៅៗ ដូចមជ្ឈដ្ឋានអគតិផ្កាប់មុខមួយចំនួនចេះតែលើកឡើងដោយឥតអៀនខ្មាសនោះទេ។
ឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា អំពីភាពចាំបាច់ នៃការអភិវឌ្ឍមូលធនមនុស្ស នៅដំណើរការអភិវឌ្ឍកម្ពុជានៅក្នុងរយៈពេល ២០ឆ្នាំ តទៅមុខទៀត។ ឯកឧត្តម បានបន្តថា ការអភិវឌ្ឍមូល ធនមនុស្ស នេះ មិនសំដៅតែទៅលើការអប់រំ, ចំណេះដឹង និងជំនាញប៉ុណ្ណោះទេ តែក៏ត្រូវផ្តោតផងដែរ ទៅលើផ្នែក គុណតម្លៃ, សីលធម៌, គុណធម៌, វិន័យ, ការបណ្តុះឆន្ទៈសេ្នហាជាតិ ស្រលាញ់យុត្តិធម៌ និងប្រជាជនជាដើម៕ដោយ៖ មុត សុទ្ធ