ភ្នំពេញ៖ ឯឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ា ហ្គេម (CAMSOC-CAMPAPGOC) បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបន្តគាំទ្រព្រឹត្តិការណ៍អាស៊ានប៉ារ៉ា ហ្គេម លើកទី១២ ដូចគ្នាទៅព្រឹត្តិការស៊ីហ្គេម លើកទី៣២ ដែលប្រទេសកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ។
ការគាំទ្រព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម គឺនឹងបង្ហាញពីការមិនរើសអើងជនមានពិការភាព និងលើកតម្កើង កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ឱ្យកាន់តែល្បីល្បាយក្នុងឆាកអន្តរជាតិ។
ក្នុងកិច្ចសម្ភាសន៍ជាមួយBTV ឯកឧត្តម វ៉ាត់ ចំរើន បានឱ្យដឹងថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ (CAMPAPGO) នៅប្រទេសកម្ពុជាដដែល នឹងត្រូវរៀបចំដូចគ្នាទៅនឹងព្រឹត្តិការណ៍ ស៊ីហ្គេម លើក៣២ ប៉ុន្តែផ្លាស់ប្តូររូបភាព និងភាពពិសេសរបស់កីឡាករ-កីឡាការិនី ជាជនមានពិការភាព ដែលតម្រូវ ឱ្យមានការយកចិត្តទុកដាក់ជាពិសេស ។
ឯកឧត្តម បានរំពឹងទុកថា ការរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ នឹងទទួលបាន ជោគជ័យយ៉ាងត្រចះត្រចង់ ដូចព្រឹត្តិការណ៍ស៊ីហ្គេមផងដែរ ។
ព្រឹត្តិកាណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជារៀបចំធ្វើម្ចាស់ផ្ទះជាលើកដំបូង នឹង ចាប់ផ្តើមបើកជាផ្លូវការ ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការប្រកួតកីឡា ចំនួន១៣ ប្រភេទ ស្មើនឹងជាង ៤០០វិញ្ញាសា៕អត្ថបទ៖ ទូច សោភ័ណ