លោកប្រធានាធិបតី Joe Biden និង ប្រធានសភា លោក Kevin McCarthy មិនអាចសម្រេចបានកិច្ចព្រមព្រៀងទេកាលពីថ្ងៃចន្ទ លើមធ្យោបាយដំឡើងកម្រិតបំណុលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកលើចំនួន៣១,៤សែនកោដិដុល្លារ ត្រឹមតែរយៈពេល១០ថ្ងៃមុនពេលអាចខកខានការសងបំណុលដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក ប៉ុន្តែបានប្ដេជ្ញាបន្តការពិភាក្សាតទៅទៀត។

ប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ និងសមាជិកសភាជាន់ខ្ពស់មកពីគណបក្សសាធារណរដ្ឋ បានព្យាមសម្រេចឲ្យបានកិច្ចព្រមព្រៀងមួយ ខណៈលោក McCarthy ដាក់សម្ពាធលើសេតវិមានដើម្បីឲ្យយល់ព្រមកាត់បន្ថយការចំណាយ និងកញ្ចប់ថវិកាសហព័ន្ធដែលលោក Bidenចាត់ទុកថា ជាចំនួនដ៏ច្រើន ហើយលោកប្រធានាធិបតីជំរុញឲ្យមានការដំឡើងពន្ធថ្មីដែលខាងគណបក្សសាធារណរដ្ឋបានច្រានចោល។
លោកBiden បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយបន្ទាប់ពីជំនួបដែលលោកបានហៅថាប្រកបដោយផ្លែផ្កាថា យើងបានបញ្ជាក់ជាថ្មីទៀតថា ការខកខានសងបំណុលគឺពុំបានលើកមកដាក់លើតុពិភាក្សាទេហើយផ្លូវតែមួយគត់ត្រូវបន្តទៅមុខគឺភាពជឿជាក់ឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងទ្វេបក្ស ។
លោក McCarthy បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីការពិភាក្សារយៈពេលមួយម៉ោងជាមួយលោកBidenថា ក្រុមអ្នកចរចា នឹងជួបជុំគ្នា ធ្វើការជាមួយគ្នា រហូតដល់យប់ ដើម្បីព្យាយាមស្វែងរកចំណុចរួម។
លោកMcCarthy បាននិយាយថា ខ្ញុំមានអារម្មណ៍ថា យើងទទួលបានការពិភាក្សាប្រកបដោយផ្លែផ្កា ។ យើងពុំមានកិច្ចព្រមព្រៀងនៅឡើយទេ ។ខ្ញុំជឿថាយើងនៅតែអាចដើរទៅដល់កិច្ចព្រមព្រៀងបាន៕