
ក្រុមហ៊ុន Meta ត្រូវបានពិន័យទឹកប្រាក់ដ៏ច្រើនចំនួន ១,២ពាន់លានអឺរ៉ូ (១,៣ពាន់លានដុល្លារ) ដោយក្រុមនិយតករការពារឯនភាពរបស់សហភាពអឺរ៉ុប ជុំវិញការផ្ទេរទិន្នន័យអ្នកប្រើប្រាស់របស់តំបន់អឺរ៉ុប ទៅកាន់សហរដ្ឋអាមេរិក។
ការសម្រេចនេះភ្ជាប់ទៅករណី ដែលនាំមកប្ដឹងដោយអ្នកធ្វើយុទ្ធនាការឯកជនភាពជនជាតិអូទ្រីស លោក Max Schrems ដែលបានតវ៉ាថា ក្របខ័ណ្ឌសម្រាប់ការផ្ទេរទិន្នន័យពលរដ្ឋសហភាពអឺរ៉ុបទៅសហរដ្ឋអាមេរិកមិន បានការពារជនជាតិអឺរ៉ុបពីការតាមឃ្លាំមើលរបស់សហរដ្ឋអាមេរិកទេ។
របៀបជាច្រើនដើម្បីផ្ទេរទិន្នន័យផ្ទាល់ខ្លួនដោយស្របច្បាប់ រវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ត្រូវបានជំទាស់តវ៉ា។ ការអះអាងថ្មីដូចនេះចុងក្រោយបំផុត ស្ថាប័ន ការពារឯកជនភាព(Privacy Shield)ត្រូវបានកាត់ក្ដីដោយតុលាការយុត្តិធម៌អឺរ៉ុប ដែលជាតុលាការកំពូលរបស់សហភាពអឺរ៉ុប (EU) នៅឆ្នាំ២០២០។
គណៈកម្មាការការពារទិន្នន័យអៀរឡង់ ដែលគ្រប់គ្រងប្រតិបត្តិការរបស់ក្រុមហ៊ុន Meta នៅសហភាពអឺរ៉ុប បានចោទប្រកាន់ថា ក្រុមហ៊ុននេះបានរំលោភលើបទប្បញ្ញត្តិការពារទិន្នន័យទូទៅ ឬ GDPR របស់ប្លុក នៅពេលដែលក្រុមហ៊ុនបន្តបញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋតំបន់អឺរ៉ុបទៅសហរដ្ឋអាមេរិក ទោះបីជាមានសេចក្តីសម្រេចរបស់តុលាការអឺរ៉ុបឆ្នាំ២០២០ ក៏ដោយ។
បទប្បញ្ញត្តិការពារទិន្នន័យទូទៅ ឬ GDPR គឺជាច្បាប់ការពារទិន្នន័យសំខាន់ៗរបស់សហភាពអឺរ៉ុប ដែលគ្រប់គ្រងក្រុមហ៊ុនសកម្ម ក្នុងប្លុក។ ច្បាប់នេះចូលជាធរមានក្នុងឆ្នាំ២០១៨។
ការពិន័យជាប្រាក់ចំនួន១,២ពាន់លានអឺរ៉ូ (១,៣ពាន់លានដុល្លារ) សម្រាប់ក្រុមហ៊ុន Meta គឺជាការពិន័យខ្ពស់បំផុតមិនធ្លាប់មាន ចំពោះក្រុមហ៊ុនដែលបំពានលើបទប្បញ្ញត្តិការពារទិន្នន័យទូទៅ ឬ GDPR ។ ការផាកពិន័យដ៏ខ្ពស់បំផុតពីមុន គឺការគិតជាប្រាក់ចំនួន ៧៤៦លានអឺរ៉ូ សម្រាប់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកខ្នាតយក្ស Amazonក្នុងឆ្នាំ២០២១។
តែយ៉ាងណាក្ដី ក្រុមហ៊ុន Meta បានឲ្យដឹងថា ខ្លួនគ្រោងនឹងធ្វើការប្តឹងឧទ្ធរណ៍លើការសម្រេច និងការផាកពិន័យនេះ៕
